ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពតអសមត្ថភាព ដោះស្រាយបញ្ហាជូនប្រជានេសាទខ្មែរដែលតវ៉ា២០លើក

ចែករំលែក៖

ខេត្តកំពត ៖ ប្រជាសហគមន៍នេសាទរាប់រយនាក់នៅខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីម្តង ទៀតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចាត់វិធានការចំពោះក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលបានឆ្លងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា។ ការតវ៉ានេះមានរយៈពេលជាង ២ម៉ោង គឺចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោងជាង ១២ថ្ងៃត្រង់ ហើយត្រូវបានរំសាយទៅវិញបន្ទាប់ពីអាជ្ញាធរខេត្តបានទទួលយកសំណើ និងសន្យាដោះស្រាយបញ្ហានេះជូនពលរដ្ឋ។

ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ រស់នៅសង្កាត់ត្រើយកោះ ក្រុងកំពត បានផ្ទុះការតវ៉ា និងឈានដល់ការបិទផ្លូវនៅម្តុំគល់ស្ពានព្រែកកំពតថ្មី ប្រមាណមួយម៉ោង ដើម្បីឲ្យអាជ្ញាធរខេត្តកំពតជួយអន្តរាគមន៍ករណីជនជាតិវៀតណាម ជាច្រើន បានចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រខេត្តកំពត។

ប្រជាសហគមន៍នេសាទនៅសង្កាត់ត្រើយកោះ ម្នាក់ដែលបានចូលរួមការតវ៉ា លោក ម៉ាត់ សុះ និយាយថា អ្នកនេសាទជនជាតិវៀតណាម កាន់តែច្រើនប្រដាប់ដោយឧបករណ៍នេសាទខុសច្បាប់ និងទូកនេសាទធំៗ បានធ្វើសកម្មភាពនេសាទយ៉ាងគគ្រឹកគគ្រេងនៅចំណុចកោះត្រងោល កោះការាំង គន្លុកក្រម៉យ និងភ្នំអណ្ដូង នៃខេត្តកំពត ដោយគ្មានខ្លាចរអា។

លោកបន្តថា ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធដែលឈរជើងនៅភូមិសាស្ត្រសមុទ្រនៃខេត្តកំពត ជាច្រើនលើកច្រើនសា ប៉ុន្តែអាជ្ញាធរមិនបានចាត់វិធានការអ្វីឲ្យមានប្រសិទ្ធភាពឡើយ ពោលគឺបទល្មើសនេសាទសមុទ្រប្រព្រឹត្តដោយជនជាតិវៀតណាម នេះ នៅតែកើតឡើងឥតឈប់ឈរ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចនៅតំបន់នោះអាចទទួលបានផលពីបទល្មើសនេសាទនេះ តាមរយៈការប្រព្រឹត្តអំពើពុករលួយ ។

អភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា បញ្ជាក់ថា អាជ្ញាធរខេត្តបានទទួលយកសំណើទាំងអស់របស់ប្រជានេសាទ ពីព្រោះវាជាកាតព្វកិច្ចរបស់អាជ្ញាធរដែលត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋ។ លោកទទួលស្គាល់ថា ពិតជាមានជនជាតិវៀតណាម ចូលមកនេសាទខុសច្បាប់នៅដែនសមុទ្រខ្មែរមែន ប៉ុន្តែពួកគេគឺជាក្រុមជនខិលខូច មិនមែនគ្រប់អ្នកនេសាទជនជាតិវៀតណាម នោះទេ។ លោកស្នើឲ្យពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចពេលឃើញមានបទល្មើសនេសាទខុសច្បាប់ ។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ដែលទើបបានចុះសិក្សាដោយផ្ទាល់នៅតាមបណ្ដាកោះនៅខេត្តកំពត រកឃើញថា មានជនជាតិវៀតណាម ជាច្រើនបានធ្វើសកម្មភាពនេសាទទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ ហើយពួកគេបានបង់លុយឲ្យអាជ្ញាធរខ្មែរជាថ្នូរនឹងការបានចូលនេសាទក្នុងដែនទឹកកម្ពុជា ។

ប្រជានេសាទនៅសង្កាត់ត្រើយកោះ អះអាងថា បទល្មើសនេសាទសមុទ្រនៅភូមិសាស្ត្រខេត្តកំពត កើតមានកាន់តែខ្លាំងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ហើយជាញឹកញាប់ ក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលមានមូលដ្ឋាននៅកោះត្រល់ តែងចូលមកនេសាទយ៉ាងជ្រៅក្នុងដែនទឹកកម្ពុជា ហើយតែងប៉ះទង្គិចជាមួយពួកគាត់។ ការប៉ះទង្គិចនេះ ភាគច្រើនប្រជានេសាទខ្មែរជាអ្នករងគ្រោះធ្ងន់ធ្ងរជាង ដោយសារក្រុមជនជាតិវៀតណាម មានទូកធំជាង និងមានឧបករណ៍ច្រើនជាង។

ជាក់ស្តែង កាលពីចុងខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ បុរសម្នាក់ឈ្មោះ ឌុល អៃយ៉ូប ដែលជាកម្មករទូកនេសាទនៅសង្កាត់ត្រើយកោះ ក្រុងកំពត ត្រូវបានអ្នកនេសាទជនជាតិវៀតណាម សម្លាប់ រួចបោះសពចោលទៅក្នុងទឹកសមុទ្រ។ មកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់វែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ។

ចំណែកតំណាងពលរដ្ឋម្នាក់ឈ្មោះ សើ រិន និងលោក សើរ៉េត ដែលតំណាងអោយពលរដ្ឋនេសាទទាំងអស់ ដែលរស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងថា កិច្ចស្នើសុំ នេះជាលើកទី២ហើយសម្រាបបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មកតវ៉ានៅមុខសាលាខេត្តនេះ ពីព្រោះពួកគាត់ នៅតែរងនៅភាពអយុត្តិធម៌ដដែលខណៈទូកអូសគូរដែលមានមុខទទឹងប្រវែង៣០០ម៉ត្រទៅ៥០០ម៉ែត្រនិងទូកអូសឆក់ខ្សែភ្លើងរបស់ពលរដ្ឋវៀតណាម នៅតែបន្តលើដែនទឹកកម្ពុជា ទង្វើដ៏ខុសច្បាប់ទាំងនេះត្រូវបានលោក ស សូរិន នាយខណ្ឌជល់ផលខេត្ត និងលោកឧត្តមសេនីយ៍ទោ ទូច វពលៈ អនុប្រធាននាយកដ្ឋាន នគរបាលព្រំដែនជើងទឹក មិនអើពើពីបញ្ហាទុក្ខលំបាក របស់បងប្អូនប្រជានេសាទខ្មែរ ខាងលើនេះសោះ ។ ពួកគាត់បានបន្តថា លើកនេះបើថ្នាក់ដឹកនាំខេត្ត មិនដោះស្រាយ ជូនពួកគាត់ទេ ពួកគាត់និងលើកគ្នាទៅដល់មុខផ្ទះសម្តេច ដើម្បីអោយសម្តេច តេជោជួយរកយុត្តិធម៌ ។

ជុំវិញករណីតវ៉ាអហិង្សាតវ៉ាមតិរបស់បងប្អូនប្រជាពលរដ្ឋនេសាទខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ ទូច វពលៈ អនុប្រធាននាយកដ្ឋាន នគរបាលទទួលបន្ទុក ការពារព្រំដែនទឹកសមុទ្រ កំពត និងកែប បានអោយអ្នកសារព័ត៌មានដឹងថា ករណីចោទរបស់ប្រជាពលរដ្ឋ ដែលធ្វើការតវ៉ានេះ វាមិនពិតនោះដូចអ្វី ដែលពួកគាត់បានលើកឡើងនោះទេ ពីព្រោះប្រជា ពលរដ្ឋទាំងនេះមានគំនិត្យខិលខូច ហើយអះអាងថាមានកប៉ាលវៀតណាម មកចតតាមព្រំ ដែនខ្សែបន្ទាត់ព្រំដែនការពារពលរដ្ឋរបស់ខ្លននោះ គឺមិនមានដូចការឡើងនោះឡើយ ។

លោកឧត្តមសេនីយ៍ទោបានបន្តថា ចំពោះពលរដ្ឋខ្លះ មានពាក្យបណ្តឹងពីសំណាក់ប្រជាពលរដ្ឋដូចគ្នា ដែលមិនមានភាពប្រក្រតីកន្លងមក។ លោកវែន ស៊ីថា នាយករដ្ឋបាលសាលាខេត្តកំពត បានអោយអ្នកសារព័ត៌មានយើង ដឹងតាមរយះទូរស័ព្ទថា ករណីនេះ លោកក្តាបរឿងមិនជុំនៅឡើយទេ ក៏ប៉ុន្តែលោកបានដឹងដំណឹងពីខ័ណ្ឌជល់ផលថា មានប្រជាពលរដ្ឋ បានប្តឹងប្រជាពលរដ្ឋដូចគ្នា ទាក់ទងបញ្ហាខាងលើ ចំណែកឯរឿងនេះ ខាងខេត្តបានប្រគល់អោយសមត្ថកិច្ចជាអ្នកដោះស្រាយតាមនិតិវិធី៕ ហេង នរិន្ទ្រ

fishing2-1440 8d2d164d-9f38-40f1-b1e2-c1abddbf1948


ចែករំលែក៖