ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសអត់លុយទិញថ្នាំញៀនជក់យកម៉ូតូជិះចេញពីផ្ទះឪពុកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យគ្មានលុយទិញថ្នាំញៀនជក់ បានយកម៉ូតូរបស់ឪពុកចេញពីផ្ទះបំណងយកទៅលក់ ត្រូវឪពុកប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៣៥នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបុរីហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនខាងលើមាន ឈ្មោះ ហាន លីហាង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកឪពុកដែលជាអ្នកប្តឹងសមត្ថកិច្ចនោះថា មានករណីចោរកាច់សោកម៉ូតូនោះ ពុំស្គាល់អត្តសញ្ញាណទេ(សុំមិនបញ្ចេញឈ្មោះ) គ្រាន់តែដឹងថា គាត់ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៅស្នងការរាជធានី ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឲ្យដឹងថា មុនពេលកើតហេតុ ដោយបានពត៌មានពីម្ចាស់ម៉ូតូ(ឪពុក)ថា មានករណីចោរលួចកាច់សោកមូតូរបស់គាត់មួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FU 6242 ជិះចេញទៅ សូមសមត្ថកិច្ចជួយអន្តរាគមន៍ផង ។

ពេលនោះសមត្ថកិច្ចក្នុងខណ្ឌសែនសុខ បានដាក់កម្លាំងចេញស្ទាក់គ្រាប់ច្រកក្នុងភូមិសាស្រ្តរបស់ខ្លួនហើយក៏ប្រទះឃើញម៉ូតូខាងលើកំពុងធ្វើចរាចរណ៍តាមផ្លូវលំក្នុងភូមិសាស្ដ្រខាងលើ សមត្ថកិច្ចក៏បានប្រដេញរហូតដល់ចំណុចក្នុងបុរីហ្គ្រេនភ្នំពេញ ទើបឃាត់ខ្លួនជនសង្ស័យបានយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃ្មួញដើម្បីសាកសួរ។

ប៉ុន្តែអ្វីដែលធ្វើឲ្យសមត្ថកិច្ចហួសចិត្តនោះ ពេលនាំខ្លួន មកដល់ប៉ុស្ដិ៍នគរបាល ស្រាប់តែជនរងគ្រោះប្រាប់សមត្ថកិច្ចថា វាជាកូនប្រុសរបស់គាត់ទៅវិញ ។

ប្រភពពីជនរងគ្រោះ(ឪពុក)បានប្រាប់ថា កូនប្រុសគាត់បានយកម៉ូតូចេញពីផ្ទះ ខណៈគាត់មិននៅផ្ទះ ហើយប្រពន្ធគាត់បានទូរស័ព្ទប្រាប់ថា កូនយកម៉ូតូចេញទៅបាត់ហើយ ទើបគាត់ប្តឹងទៅសមត្ថកិច្ចថា ជាករណីចោរកាច់សោកទៅ ព្រោះថាបើសមត្ថកិច្ចចាប់មិនបានទេ ពិតជាកូនគាត់យកម៉ូតូនោះទៅលក់ផឹកស៊ី ឬក៏ទៅទិញថ្នាំញៀនជក់អស់ជាមិនខាន។ ព្រោះកន្លងមក រូបគេធ្លាប់យកទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់អស់ជាច្រើនលើកច្រើនសារមកហើយ ។

ក្រោយពេលកើតហេតុ ឪពុករបស់យុវជនខាងលើនេះ បានសំណូមពរឲ្យសមត្ថកិច្ចយកកូនរបស់គាត់ទៅពិនិត្យរកមើលសារធាតុញៀន និងបញ្ជូនយកទៅមណ្ឌលកែប្រែដើម្បីទុកជាមេរៀនកុំឲ្យកូនគាត់កាន់តែលង់ខ្លួនកាន់តែជ្រៅជាងនេះ ៕ តុង សីហា

ae (3) ae ae (1) ae (2)


ចែករំលែក៖