ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯម បង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ធំ-១០កញ្ចប់តូច ,ប្រាក់រៀលចំនួន៥៤០០០រៀល ,ទូរស័ព្ទ១គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកល្វាឯមទទួលបានព័ត៌មានពីមហាជនល្អថា នៅក្នុងភូមិសាស្ត្រឃុំភូមិធំ មានក្រុមជនសង្ស័យធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទើបសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ