ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋបារាំងជាង៤២ពាន់នាក់ចុះហត្ថលេខាលើសំណើឲ្យលោក អូបាម៉ា ចូលរួមប្រជែងក្នុងការបោះឆ្នោតបារាំង

ចែករំលែក៖

មកទល់ពេលនេះពលរដ្ឋបារាំងជាង៤២ពាន់នាក់បានចុះហត្ថលេខាទៅលើលិខិត មួយច្បាប់អំពាវនាវឲ្យអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ចូលរួមប្រជែងបោះឆ្នោតប្រធានាធិបតីបារាំង បើទោះបី លោកជាពលរដ្ឋអាមេរិកក្តី។

អ្នកដឹកនាំយុទ្ធនាការ Obama17 បាន ប្រាប់បណ្តាញព័ត៌មាន BBC ថាសារដែលពួកគាត់ចង់ផ្ញើទៅកាន់បេក្ខភាពប្រធានា ធិបតីបារំាងទាំងអស់ដោយសារតែពួកគាត់ ពិតជាមិនមានទំនុកចិត្តនៅក្នុងការដឹកនាំប្រទេសឡើយ មិនមានជាក្តីសង្ឃឹមរបស់ ពលរដ្ឋអាចផ្ញើវាសនាបាន។

ចំពោះសកម្មភាពហូរចូលនៃជនភៀសខ្លួនទៅកាន់អឺរ៉ុបកាន់តែច្រើនឡើង និង ព្រួយបារម្ភពីក្រុមអ៊ិស្លាមជ្រុលនិយមវាយប្រហារភេរវកម្មការស្ទង់មតិទៅលើពលរដ្ឋបារាំងបង្ហាញឲ្យឃើញថា មានពលរដ្ឋភាគច្រើនគាំទ្រមេដឹកនាំគណបក្សប្រឆាំងលោក Francois Fillon និងលោកស្រី Marine Le Pen ។ បេក្ខភាពទាំងពីររូបកំពុងតែទទួលបានការផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋ។

ប៉ុន្តែលោក Fracois Fillon កំពុងតែ មានរឿងអាស្រូវពាក់ព័ន្ធនឹងការចំណាយប្រាក់ពន្ធដារខុសគោលដៅ។ ចំណែកបេក្ខ ភាព Le Pen មានការគាំទ្រខ្ពស់ទី៣ក៏កំពុង ប្រឈមនឹងបញ្ហាត្រូវក្រុមសើុបអង្កេតធ្វើការស្រាវជ្រាវពីហិរញ្ញវត្ថុរបស់លោកស្រី។ នៅក្នុងការបោះឆ្នោតបារាំងនាពេលខាង មុខមានបេក្ខភាពប្រធានាធិបតីរហូតដល់ទៅ១២រូប។

អង្គការនយោបាយនៅក្នុងប្រទេសនេះបានបិទសញ្ញាមាន៣ពណ៌ ក្រហម ស និង ខៀវព្រមទាំងរូបភាពលោក អូបាម៉ា នៅ តាមផ្លូវថ្នល់ក្នុងទីក្រុងប៉ារីសផងដែរ ព្រម ទាំងអក្សរ «Qui,on Peut» មានន័យថា «បាទ,យើងអាចបាន»។ ទាំងនោះក៏ជា សញ្ញានៃការប្រកួតប្រជែងរបស់លោក អូបាម៉ា កាលពីឆ្នាំ២០០៨ផងដែរ។

អង្គការសង្គមស៊ីវិលមួយនៅបារាំង បានបញ្ជាក់ថា «គ្មានជនជាតិបារាំងណា មួយធ្វើឲ្យយើងអាចទុកចិត្តបោះឆ្នោតឲ្យ ដឹកនាំពួកយើងដោយមិនមានការស្ទាក់ ស្ទើរ»។

ពលរដ្ឋបារាំងនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននៅថ្ងៃទី២៣ ខែមេសាខាងមុខ ហើយបើគ្មានបេក្ខភាពណាមួយយកឈ្នះទេនោះអ្នកដែលមាន ការគាំទ្រខ្ពស់២រូបនឹងបន្តប្រកួតប្រជែង នៅថ្ងៃទី៧ ខែឧសភា បន្តទៀត។

លោក អូបាម៉ា មិនមែនជាជនជាតិ បារាំង ហើយមិនអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោត បារាំងបានឡើយ។ អ្នកនាំពាក្យរបស់អតីត ប្រធានាធិបតី អូបាម៉ា ក៏បានបដិសេធធ្វើ អត្ថាធិប្បាយជុំវិញបញ្ហាខាងលើនោះដែរ។

ពលរដ្ឋបារាំងក៏បានដឹងច្បាស់ថា លោក អូបាម៉ា មិនអាចក្លាយជាបេក្ខភាពប្រធានាធិបតីនៅក្នុងប្រទេសបារាំងបានឡើយ ប៉ុន្តែចាំបាច់ត្រូវតែធ្វើបែបនេះដើម្បីដាស់សតិដល់បេក្ខភាពទាំងអស់ឲ្យមានការ យកចិត្តទុកដាក់លើកិច្ចការប្រទេសជាតិធ្វើឲ្យពលរដ្ឋមានទំនុកចិត្តជាងនេះ៕ ម៉ែវ សាធី

de


ចែករំលែក៖