ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម និងកូកា-កូឡាសហការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ក្នុងការសហការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២ ដើម្បីលើកជំរុញចលនាប្រើប្រាស់ និងលើកស្ទួយផលិតផលក្នុងស្រុក។ អនុស្សរណៈយោគយល់នេះ មានគោលបំណងធំៗចំនួន៣គឺ ទី១បញ្ជ្រាបការយល់ដឹង «យុទ្ធនាការទិញផលិតផលខ្មែរ» ក្នុងក្របខណ្ឌទូទាំងប្រទេស ទី២បង្កើនការយល់ដឹងអំពី «សុវត្តិភាពចំណីអាហារ» និងទី៣ បង្កើនការកសាងសមត្ថភាពធនធានមនុស្ស។

ពិធីចុះអនុស្សរណៈយោគយល់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា មន្ត្រីរាជការ និងនិស្សិតប្រមាណ៥០០នាក់។

យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី១ ត្រូវបានរៀបចំឡើងដោយជោគជ័យកាលពីក្នុងឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា។ ក្រោយយុទ្ធនាការនេះគេសង្កេតឃើញផលិតផលខ្មែរភាគច្រើនចាប់ផ្តើមរីកដុះដាលនិងបង្ហាញវត្តមានលើផ្សារក្នុងស្រុកនិងផ្សារទំនើបទូ។សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២នេះក៏នឹងជួយជំរុញផលិតផលខ្មែរនៅលើទីផ្សារព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ទៅលើប្រព័ន្ធសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជាផងដែរ៕

បើតាមលោកដាវីដវីងហ្គល់វើដនាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡាបានឲ្យដឹងថា«កូកាកូឡាហៅភាពជាដៃគូនេះថាជាយុទ្ធសាស្ត្រត្រីកោណមាសដែលផ្សារភ្ជាប់រវាងវិស័យពាណិជ្ជកម្មរាជរដ្ឋាភិបាលនិងសង្គមស៊ីវិលជាមួយនឹងទឹសដៅឈ្នះៗរួមគ្នា។ជាពិសេសយុទ្ធនាការការទិញផលិតផលខ្មែរនឹងជួយជំរុញឲ្យអ្នកប្រើប្រាស់ក្នុងស្រុកងាកមកគាំទ្រប្រើប្រាស់ផលិតផលសេវាកម្មក្នុងស្រុកជួយជំរុញឲ្យមានការវិនិយោគនិងបង្កើនឪកាសការងារនៅកម្ពុជា»។

លោកបានបន្តថាក្នុងនាមយើងជាផលិតករនិងជាអ្នកផ្គត់ផ្គង់ភេសជ្ជៈដែលគ្មានជាតិស្រវឹងដ៏ធំនៅកម្ពុជាយើងមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើជាគំរូដ៏ល្អមួយសំរាប់ផលិតផលក្នុងស្រុកនិងផ្នែកសុវត្តិភាពចំណីអាហារ។នជសបញ្ជាក់ឲ្យឃើញតាមរយៈការអនុវត្តតាមបញ្ញត្តិជាធរមានទាំងអស់របស់ប្រទេសស្តីពីចំណីអាហារជាពិសេសស្តីពិបទបញ្ញត្តិស្លាកសញ្ញាលើចំណីអាហារចំពោះផលិតផលទាំងអស់ដែលធ្វើចរាចរលក់លើទីផ្សារនៅប្រទេសកម្ពុជាព្រមទាំងការចាប់ផ្តើមការរចនាស្លាកសញ្ញានៃផលិតផលសំខាន់ៗរបស់យើងជាពីរភាសាពោលគឺភាសាខ្មែរនិងអង់គ្លេស។

លោកប៉ានសូរស័ក្តិបានហៅយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២ថាជាកម្លាំងចលករដើម្បីបំផុសនិងដាស់ស្មារតីមហាជនជាពិសេសប្រជាពលរដ្ឋខ្មែរឲ្យយល់ច្បាស់ពីគុណតម្លៃនៃការគាំទ្រផលិតផលក្នុងស្រុកចំពោះការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីបានបន្តថា «យុទ្ធនាការនេះ នឹងរួមចំណែកផ្តល់កម្លាំងចិត្តបងប្អូនផលិតករនិងពាណិជ្ជករខ្មែរធ្វើការពង្រឹងគុណភាពនិងសោភណភាពផលិតផលរបស់ខ្លួនស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវសំដៅប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស»៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖