ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រពន្ធមានប្រុសថ្មីចាប់វាយធ្វើបាប និងបង្ខាំងទុកក្នុងបន្ទប់មួយយប់ព្រឹកឡើងរត់រួច ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានមកប្តឹងសម្ថកិច្ចសុំឲ្យជួយអន្តរាគមន៍ទាំងក្បាលប៉ង់ស្មង់ ក្រោយពីរត់រួចពីកំណាប់ដៃប្តីចិត្តកំណាចវាយធ្វើបាប ហើយថែមទាំងឃុំឃាំងនៅក្នុងបន្ទប់ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារការប្រចណ្ឌ និងចោទថា លួចមានសហាយស្មន់។ លុះដល់ព្រឹកឡើង ថ្ងៃទី៦ ខែមីនា រកល្បិចចេញមកក្រៅដោយប្រាប់ថា ទៅបើកលុយ ទើបបុរសជាប្តីចាក់សោឲ្យចេញ ហើយក៏រត់ទៅមន្ទីរពេទ្យរហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ទើបមកកាន់ប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគមន៍តែម្តង។

នារីរងគ្រោះឈ្មោះ ស៊ុន មករា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអណ្តូងប្រាំង ឃុំគង់ពិសី ស្រុកគង់ពិសី កំពង់ស្ពឺ ចំណែកប្តី ឈ្មោះពៅ យូរិម អាយុ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើតនៅក្រុងព្រះសីហនុ ។

តាមការៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា រួបនាង និងប្តីបានរៀបការពេញច្បាប់អស់រយៈពេល២ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ទើបតែបាន១ខួប ។ ជារៀងរាល់ថ្ងៃ លោកប្តីរបស់នាង តែងតែរករឿងមិនឈប់ ដោយចោទថា នាងចេញទៅធ្វើការលួចលាក់មានសហាយស្មន់ជាមួយអ្នកធ្វើការ ទាំងរួបនាងមិនដឹងខ្លួនសោះ ។ លុះនៅល្ងាចថ្ងៃទី៥ ខែមីនា នាងបានទៅលេងនៅបន្ទប់មិត្តភក្តិនៅជិតផ្សារទួលពង្រ លុះវេលាម៉ោង៨យប់ នាងក៏បានឲ្យមិត្តនាងជួនទៅបន្ទប់វិញ ខណៈទៅបានពាក់កណ្តាលផ្លូវ ក៏ជួបប្តីរបស់នាង ហើយនាងក៏បានឲ្យមិត្តភ័ក្តិទៅវិញ ដោយនាងបានជិះម៉ូតូទៅបន្ទប់ជាមួយប្តីនាង ។

បន្ទាប់ពីទៅដល់បន្ទប់ ស្រាប់តែប្តីនាងចាក់សោបន្ទប់ហើយយកកាំបិតកាប់ក្បាលរបស់នាងបណ្តាលឲ្យបែកហូរឈាមស្រោចខ្លួន និងគំរាមមិនឲ្យស្រែក។ ពេលនោះនាងសុំចេញទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស តែប្តីនាងមិនឲ្យចេញដោយចាក់សោឃុំឃាំងនៅខាងក្នុងបន្ទប់អស់ពេញមួយយប់។ លុះព្រឹកឡើង ទើបនាងសុំចេញមកក្រៅ ដោយប្រាប់ថា នាងទៅបើកប្រាក់ខែ ទើបប្តីនាងយល់ព្រម ហើយនាងក៏បានទៅមន្ទីរពេទ្យដើម្បីដេរមុខរបួសអស់១០ថ្នេររួច ក៏បានទៅសម្រាកនៅបន្ទប់បងប្អូនរហូតមកវេលាម៉ោង៥ល្ងាច ថ្ងៃដដែល ទើបឲ្យបងប្អូនដឹកទៅប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគន៍ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖