ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកន្លែងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៧នាក់ជាបន្តបន្ទាប់ ខណៈបក្ខពួក៧ទៅ៨នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយពីក្រុមទាំងនោះបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសដាច់ដៃម្ខាង និងត្រូវបាននគរបាល បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែក ឯក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ក្រោយពេលពួកគេមានទំនាស់រាំប៉ះគ្នានៅក្នុងក្លឹបឌីស្កូយីហោ “ហ្វាន់ក្លឹប” ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ហើយក្រោយពេលចេញពីក្លឹបវិញ ក៏ត្រូវបានក្រុមជនពាលតាមកាប់តែម្ដង ។
ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍ ចោមចៅបានស្រាវជ្រាវរហូត ដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ឃាត់ខ្លួន ជនសង្ស័យបាន៥នាក់នៅតាមផ្លូវវេងស្រេង ត្រង់ចំណុច ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងនៅម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៦ ខែមីនា នគរបាលដដែលឃាត់បាន២នាក់ទៀត ដោយម្នាក់ឃាត់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ និងម្នាក់ទៀត ឃាត់បាននៅម្ដុំផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ ហើយបានឡោមព័ទ្ធចាប់ខ្លួនបាន និងបាននាំទៅសាកសួរនៅប៉ុស្ដិ៍ភ្លាមៗ និងកំពុងបន្តតាមចាប់ខ្លួនបក្ខពួកច្រើននាក់ផ្សេងទៀត។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ១,ឈ្មោះ យ៉ៅ យី អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះ ជួល ក្នុងភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ២,ឈ្មោះ រស់ រីម អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់ នៅផ្ទះជួល ក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ៣,ឈ្មោះ កុយ កំសាន្ត អាយុ១៩ ឆ្នាំ មុខរបរកម្មករលើកការ៉ូ ស្នាក់នៅ មិនពិតប្រកដ ៤,ឈ្មោះ ឌី ម៉ូលីន អាយុ២១ឆ្នាំ ស្មាក់នៅផ្ទះជួល នៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៥,ឈ្មោះ ពិសិដ្ឋ ធារ៉ា អាយុ១៩ឆ្នាំ ជាសិស្សស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ៦.ឈ្មោះ លឹម រ៉ាឌី អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ។ ៧.ឈ្មោះហុំ សំណាង អាយុ១៥ឆ្នាំ កម្មករសំណង់ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ រីឯបក្ខពួក ៨នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ។
ដោយឡែកយុវជនរង គ្រោះឈ្មោះ ចេត ទ្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិកក់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសដាច់ខ្នងដៃខាងស្តាំម្ខាង។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីធ្វើការសាងសួរនៅមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកពួកគេក៏បានយកដាវសាំម៉ូរៃដែលកាប់ប្រហាជនរងគ្រោះរួចយកទៅបោះចោលនៅក្នុងទឹកបឹងមួយកន្លែង ភូមិជ្រៃកោង សង្កាត់ចោមចៅ ។
បន្ទាប់សមត្ថកិច្ចក៏បាននាំខ្លួនជនដៃដល់ទៅចង្អុលបង្ហាញទីតាំងដែលលាក់ដាវ និងចុះទៅឆែកឆេរនៅផ្ទះដែលគេស្នាក់នៅរកឃើញស្លាកលេខចំនួន២ ដែលពួកគេធ្វើសកម្មភាពកាប់ប្លន់រួចកាច់យកទៅបោះចោលខាងក្រោយផ្ទះ មិនតែប៉ុណ្ណោះ រកឃើញកាំភ្លើងជ័រមួយដើម និងជញ្ជីងថ្លឹងថ្នាំញៀនមួយរួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័កំពុងឃុំខ្លួនបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយបន្ត ៕ សុខាសែនជ័យ