ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើករថយន្ដព្រូសបុកឃឿនផ្លូវខូចខាតបន្តិចបន្តួចសោះ បែរជាព្យាយាមរត់ទៅបុករះកន្លែងប្រជាពលរដ្ឋលក់ដូរនៅផ្សារដើមគរ រហូតធ្វើឲ្យពួកគាត់ខឹងវាយកម្ទេចរថយន្ដខ្ទេចអស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដTOYOTA PRUIS មួយគ្រឿង ដែលបើកបរដោយយុវជនម្នាក់ស្រវឹងស្រា ឡើងជោកជាំ ហើយបានជ្រុលទៅបុកឃឿនសួនច្បារទ្រូងផ្លូវខូចខាតបន្តិចបន្តួច ហើយចំណែករថយន្ដធ្លាក់កាងខាងមុខ រួចព្យាយាមបើកគេចទាំងកាងរថយន្ដអូសជាមួយផ្លូវថ្នល់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ហើយពេលដេញមកដល់ចំណុចផ្សាដើមគរ ដោយសភាពផ្លូវមានភាពចង្អៀត ក៏បានបុករះកន្លែងលក់ម្ជូរបណ្ដាលឲ្យមានអាជីវកររបួសស្រាល៣នាក់ ទើបប្រជាពលរដ្ឋឃាត់បាន និងខឹងយ៉ាងខ្លាំង ក៏នាំគ្នាព្រួតវាយរថយន្ដខ្ទេចស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្ដបង្កសំណាងហើយ ត្រូវបានកម្លាំងសមត្ថកិច្ចរំដោះចេញទាន់ពេលវេលា កុំអីមិនដឹងថា ត្រូវទៅជាយ៉ាងណាឡើយ កុំចេះតែហ៊ាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលម៉ោង២១និង៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខភោជនីដ្ឋាន កាដូរ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហើយរថយន្ដបានព្យាយាមបើកគេច រហូតដល់ផ្លូវព្រះមុនីរ៉េតចំណុចផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន ទើបឃាត់បានទាំងរថយន្ដ និងម្ចាស់ ។

រថយន្ដបង្កម៉ាកTOYOTA PRUIS ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2U-2660 ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុលពេលកើតហេតុ គឺមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានរថយន្ដបុកឃឿនសួនច្បារទ្រូងផ្លូវនៅជ្រោយចង្វា ហើយពេលនោះកម្លាំងសមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ក៏បានឃើញរថយន្ដបង្កហេតុ និងមានប្រជាពលរដ្ឋជិះម៉ូតូដេញផងដែរ។

ប្រភពដដែលបានបន្តថាពេលដែលឃើញបែបនេះ កម្លាំងក៏ដេញពីក្រោយរហូតមកដល់ផ្លូវព្រះមន្នីរ៉េត ចំណុចផ្សារដើមគរដោយសភាពផ្លូវមានភាពចង្អៀតទើបរថយន្ដបង្កបានទៅបុករះប៉ះកន្លែងអាជីវករលក់ដូរបណ្ដាលឲ្យខូចខាតបន្លែនិងរបួសស្រាលប្រមាណ៣នាក់ ហើយក៏ត្រូវប្រជាពលរដ្ឋឃាត់បាននិងនាំគ្នាព្រួតវាយរថយន្ដខ្ទេចស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្ដបានរងរបួសបែកក្បាលដោយតែប្រជាពលរដ្ឋវាយហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចរំដោះចេញព្រោះខ្លាចប្រជាពលរដ្ឋវាយថែមទៀត។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចយកម្ចាស់រថយន្ដបង្កទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលទួលស្វាយព្រៃ២ ខណ្ឌចំកាមនរួចទើបបញ្ជូនបន្តទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

IMG_0393 IMG_0391 IMG_0398 IMG_0390 IMG_0350


ចែករំលែក៖