ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តព្រះសីហនុកំពុងរងការរិះគន់ពីអំពើពុករលួយ

ចែករំលែក៖

លោក ទុំ ណូ ដែលកន្លងមកបានកាន់តំណែងជាប្រធានសាខាគយខេត្តប៉ៃលិននោះត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យមកធ្វើជាមេគយខេត្តព្រះសីហនុបន្តពីតំណែងចាស់ពេលនេះកំពុងតែប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងៗ។ មានការលើកឡើងថា លោក ទុំ ណូ កំពុងរកគ្រប់វិធីដើម្បីប្រមូលលុយក្នុងតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុដោយយកមេរៀនចាស់មកអនុវត្តន៍។

ការរិះគន់ក៏ដោយសារតែកាលនៅកាន់តំណែងចាស់នៅខេត្តប៉ៃលិនលោក ទុំ ណូ ត្រូវគេដឹងថា បានឃុបឃិតជាមួយក្រុមឈ្មួញដោយផ្តល់ឱកាសឲ្យក្រុមឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងកាត់ខេត្តប៉ៃលិនដោយរលូន។ ទន្ទឹមនឹងនេះលោក ទុំ ណូ អតីត ប្រធានសាខាគយខេត្តប៉ៃលិនក៏មានចំណែកក្នុងការបញ្ជាឲ្យមន្ត្រីក្រោមឱវាទប្រមូលលុយពីឈ្មួញដោយមិនខ្វល់ពីការកែទម្រង់របស់រដ្ឋាភិបាលអ្វីនោះឡើយ។

មន្រ្តីគយតូចតាចនៅខេត្តប៉ៃលិនបានខ្សឹបថា លោក ទុំ ណូ មានជំនាញក្នុងការ ប្រមូលលុយពីអំពើគេចពន្ធហើយក៏មានទំនាក់ទំនងល្អជាមួយក្រុមឈ្មួញមានលុយ មានអំណាចផងដែរដែលធ្វើឲ្យគេជឿថា ក្នុងតំណែងជាប្រធានសាខាគយខេត្តព្រះ សីហនុប្រកបដោយសក្តានុពលលោក ទុំ ណូ អាចនឹងបន្តប្រើប្រាស់ជំនាញរបស់ខ្លួនប្រមូលលុយស្រង់ដើមព្រោះប្រភពខ្លះបានឲ្យដឹងថា លោក ទុំ ណូ ហ៊ានចំណាយច្រើន គួរសមដើម្បីកាន់តំណែងបច្ចុប្បន្ននេះ ។

មន្រ្តីគយតូចតាចបានរិះគន់ថា អំពើពុករលួយក្នុងជួរមន្រ្តីគយមានតាំងពីក្រោម ដល់កំពូល ហើយបើមន្រ្តីគយដែលគ្មានបក្ខពួក ឬប្រាក់សូកប៉ាន់កុំសង្ឃឹមថាបានកាន់តំណែងល្អៗឲ្យសោះបើទោះជាមន្រ្តីគយទាំងនោះបានបំពេញការងាររាប់សិបឆ្នាំ ហើយក៏ដោយ ។

ប្រភពដដែលបានបញ្ជាក់ថា ការតែងតាំងមន្រ្តីគយភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ដូច្នេះមន្រ្តីគយដែលចូលទៅបំពេញការងារក៏តែងតែប្រព្រឹត្តអំពើពុករលួយតាមតែអាចធ្វើទៅបានដើម្បីប្រមូលប្រាក់ស្រង់ដើមវិញ ៕


ចែករំលែក៖