ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវរបស់ការដ្ឋានផ្លូវជាតិ៤គៀបជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិន បើករថយន្តឡិចស៊ីស RX 330 មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់២កង់ ចំណែករថយន្តខូតខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ចំណុចការដ្ឋានស្ថាបនាពង្រីកផ្លូវ និងសាងសង់ស្ពានអាកាស ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូង គេឃើញរថយន្តឡិចស៊ីស RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1018 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាកន្លែងសាងសង់ស្ពានអាកាសថ្មើរជើង ដោយគេមានដាក់របាំងថ្មចំកណ្តាលទ្រូងផ្លូវដើម្បីការពារ សសរកណ្តាលនៃស្ពានដែលមិនទាន់សាងសង់រួច និងដោយគ្មានដាក់ភ្លើង ឬក៏ស្លាកសញ្ញាសំគាល់ត្រឹមត្រូវហើយងងឹតទៀត ទើបបណ្តាលឲ្យរថយន្តឡិចស៊ីស RX330 ដែលបើកបរដោយជនជាតិចិនជ្រុល បុកចំពីមុខពេញទំហឹងបណ្តាលរបាំងថ្មដួលអស់២កង់ ចំណែករថយន្តខូតខាតផ្នែកខាងមុខ យ៉ាងដំណំ ដាច់កង់មុខខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ទើបមិនបណ្តាលឲ្យជនជាតិចិន២នាក់ក្នុងរថយន្តរងរបួស ។

ដោយឡែក នៅកន្លែងកើតហេតុ ប្រជាពលរដ្ធដែលមកមើលហេតុការណ៍ បានរិះគន់យ៉ាងខ្លាំងចំពោះចំណុចការដ្ឋានស្ពានអាកាសថ្មើរជើងនេះថា គ្មានភ្លើងបំភ្លឺ និងស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ហើយស្ទើរតែរាល់យប់ កន្លែងនេះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ បើមិនរថយន្តប៉ះ ក៏ម៉ូតូប៉ះ តែមិនធ្ងន់ ហើយកាលពីវេលាម៉ោង២១យប់ ថ្ងៃទី៧ ខែមីនា ក៏មានរថយន្តប្រភេទមួយបាំងកន្លះមួយគ្រឿងមកបុកម្តងផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុ ដោយឃើញមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយដោយរបាំងថ្មខាងលើនេះជារបាំងបណ្តោះអាសន្ន ក្រោយមកឲ្យម្ចាស់រករថយន្តស្ទួចមកស្ទួចរថយន្តយកទៅជួសជុលដោយខ្លួនឯង និងឲ្យលើករបាំថ្មដាក់ដូចដើមជាការស្រេច ៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖