ភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាស្រវឹងហើយត្រូវជនសង្ស័យមានគ្នា២នាក់ជាភេទទី៣ មកបន្លំយកលុយអស់៣០០ដុល្លារ ២ថ្ងៃក្រោយមកបុរសម្នាក់ទៀតជាមិត្តជនរងគ្រោះ បានមកធ្វើជាស្រវឹងម្តងទៀត នៅទីតាំងដដែល ដើម្បីបញ្ឆោតជនសង្ស័យ ភ្លាមនោះក៏មានជនសង្ស័យ២នាក់ជាភេទទី៣ មកធ្វើជាជួយរឹតចាប់ខ្យល់ហើយបន្លំដោះខ្សែកភ្លាមនោះជនរងគ្រោះ ក៏បានចាប់ តែជនសង្ស័យបានរត់ ជិះម៉ូតូគេចខ្លួនតាំងពីចំណុចមុខហាងយីហោ៥៤ល្ងាចស្រស់ តាមបណ្តោយផ្លូវផេខ១៧៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រហូតទៅដល់ផ្លូវព្រះស៊ីសុវត្ថិទើបចាប់បាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា កាលពីយប់៣ថ្ងៃមុន មានមិត្តភក្តិម្នាក់បានមកអង្គុយផឹកស៊ីនៅហាង៥៤ព្រឹកថ្មី ល្ងាចស្រស់ ខណៈស្រវឹងក៏ចេញមកក្រៅ ភ្លាមនោះស្រាប់តែជនសង្ស័យជាភេទទី៣ បានមកជួយរឹត និងច្របាច់ចាប់ខ្យល់ជនរងគ្រោះ ហើយក៏បានបន្លំយកលុយអស់ចំនួន៣០០ដុល្លាររួចគេចខ្លួនបាត់ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីដឹងថា ជនសង្ស័យបន្លំលួចលុយអស់រយះពេល៣ថ្ងៃក្រោយ រួបគាត់បានប្រើល្បិចធ្វើជាស្រវឹងដើម្បីចាប់ជនសង្ស័យ ។ ភ្លាមនោះស្រាប់តែជនសង្ស័យទាំង២នាក់មកម្តងទៀត និងធ្វើជាចិត្តល្អជួយរឹតដដែល និងបន្លំដោះខ្សែករួបគាត់ ដោយឃើញដូចនោះ រួបគាត់បានចាប់ជនសង្ស័យម្នាក់ក្រៀកកជាប់ តែជនសង្ស័យរើបម្រាស់រួចហើយ ក៏ជិះម៉ូតូគេចខ្លួនតាំងពីចំណុចកើតហេតុរហូតទៅដល់ផ្លូវព្រះស៊ីសុវត្ថិជនសង្ស័យក៏បានទុកម៉ូតូចោលហើយរត់បំបែកគ្នាដោយម្នាក់ដើរចូលក្នុងចំណោមមនុស្សច្រើន និងម្នាក់ទៀតលោតចូលក្នុងទឹកទន្លេ ។
សាក្សីបានបន្តទៀតថា ដោយសារតែចាំមុខជនសង្ស័យ ទើបចាប់បានម្នាក់ដែលដើរចូលក្នុងចំណោមមនុស្សច្រើន ក្រោយមកជនសង្ស័យដែលលោតទឹកដោយសារមិនចេះហែលទឹកក៏រត់ឡើងសារភាពទើបចាប់បានទាំង២នាក់តែម្តង។
បន្ទាប់ពីចាប់បានហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកយកជនសង្ស័យទៅសាកសួរ ខណៈកំពុងរង់ចាំសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើនបានខឹងសម្បាទៅលើជនសង្ស័យយ៉ាងខ្លាំង បាននាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ភ្លាមនោះមានជនឆ្លៀតឱកាសមកបន្លំយកម៉ូតូជនសង្ស័យជិះចេញទៅ តែត្រូវប្រជាពលរដ្ឋដេញចាប់បាននិងវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសាកសួនៅប៉ុស្តិ៍ផ្សារថ្មីទី៣កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ ព្រែកជ័យ