ភ្នំពេញ៖ បុរសម្នាក់គ្រាន់តែទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីបន្តិចបន្ទួច រហូតឈានដល់ហិង្សាវាយតប់គ្នាមួយប្រាវ និងរត់ទៅយកកាំបិតប៉័ងតោកាប់ប្រហារទៅជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនបង្កត្រូវប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យចាប់វាយខ្នោះ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧នឹង៥៥នាទី យប់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ នៅវត្តពោធិញាន ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនបង្កឈ្មោះ លាង ឆាយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាកម្មកររោងចក្រកញ្ជក់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។
បើតាមសម្តីរបស់ជនបង្កបានអោយដឹងថា៖ មុនពេលកើតហេតុខ្លួនខំទិញស្រាថ្នាំនឹងសាច់ក្លែមយកមកផឹកស៊ីជាមួយនឹងជនរងគ្រោះ ជនបង្កផឹកស៊ីនិយាយច្រើនជ្រុល ធ្វើអោយជនរងគ្រោះរករឿងព្រោះពូកែនិយាយពេកខណៈនោះ ភាគីទាំងសងខាងទាស់សម្តីគ្នារហូតដល់ផ្ទុះកំហឹង ប្រតាយប្រតប់គ្នាជាមួយនឹងជនរងគ្រោះ ដោយមិនអស់ចិត្តជនបង្ក បានទៅយកកាំបិតប៉័ងតោ ដេញកាប់ជនរងគ្រោះត្រូវជាច្រើនកាំកបិតបណ្តាលអោយជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
សម្តីរបស់ជនបង្កបានបញ្ជាក់ថា៖ មកពីជនរងគ្រោះវាយប្អូនរបស់ខ្លួនដល់បែកឈាម ទើបផ្ទុះកំហឹងបែបនេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនបង្ក ទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យដើម្បីរៀបចំសុំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ