ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​ សាកសួរ​បន្ថែម​លើ​លោក​ គឹម​ សុខ​

ចែករំលែក៖

ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា សាកសួរបន្ថែមលើលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ករណីបរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

គួរបញ្ជាក់ថា លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ។

ក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី មានមនុស្សសំខាន់ៗបីនាក់ហើយ ដែលបានចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ ។ ក្នុងនោះមានលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី , លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបលាលែងពីតំណែង និង ចុងក្រោយ គឺ លោកគឹម សុខ អ្នកវិភាគនយោបាយ ដែលបច្ចុប្បន្នពួកគេទាំងបីនាក់ កំពុងប្រឈមមុខផ្លូវច្បាប់ ៕ ចេស្តា

ae


ចែករំលែក៖