ភ្នំពេញ ៖ នៅការិយាល័យ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានទទួលជួបពិភាក្សាការងារ ស្តីពីកិច្ចការហាឡាល (ការផលិតសាច់គោធ្វើម្ហូបឥស្លាម) និង កិច្ចសហប្រតិបត្តិការលើការងារ មនុស្សធម៌សម្រាប់ឆ្នាំ ២០១៧ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) ដឹកនាំដោយ លោក Tuan Haji Paimuzi Bin Yahya អនុប្រធាន មន្រ្តីស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី ១១ មីនា ឆ្នាំ២០១៧ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រោយពីប្រមុខរាជរដ្ឋាពិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នាថ្ងៃទី ២៩ កក្កដា ២០១៦ មក ធ្វើឲ្យវិស័យផលិតផលហាឡាលនៅកម្ពុជា មានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីបណ្តាអ្នកប្រើប្រាស់ និង អ្នកវិនិយោគជាតិ និង អន្តរជាតិ ព្រោះកម្ពុជាជាប្រទេសដែលមានសក្តានុពល និងអំណោយផលលើវិស័យកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ សត្វពាហណៈជាដើម។
លោក Tuan Haji Paimuzi Bin Yahya អនុប្រធាន អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) បានឲ្យដឹងថា ៖ ម៉ាឡេស៊ី ជាប្រទេសមួយដែលមានបទពិសោធន៍ជាច្រើនទាក់ទងនឹងកិច្ចការហាឡាលតាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះ ដោយកម្ពុជា-ម៉ាឡេស៊ី ជាមិត្តក្នុងអាស៊ាន និងការទំនាក់ទំនងល្អរវាងប្រទេសនឹងប្រទេស ប្រជាជននឹងប្រជាជន ខាងអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលម៉ាឡេស៊ី នឹងបន្តជួយជ្រោមជ្រែងលើកិច្ចការងារអភិវឌ្ឍន៍វិស័យហាឡាលនេះ ដើម្បីបានដំណើរការទៅយ៉ាងរលូន នៅលើឆាក អន្តរជាតិ ដោយសន្យាជួយរៀបចំឯកសារស្នូល លិខិតបទដ្ឋាន និងកិច្ចការពាក់ព័ន្ធផ្សេងៗសម្រាប់ដំណើរការ។
លោកបន្ដថា ៖ ការងារមនុស្សធម៏ នៅកម្ពុជា លោកខិតខំ នឹងបន្តសហប្រតិបត្តិការលើកាងារនេះ ដូចដែលបានអនុវត្តន៍ ពីមុននឹងកំពុងបន្ត ដែលរាជរដ្ឋាភិបាលម៉ាឡេស៊ី ។
ថ្មីៗនេះ លោក Dato’ Sri Mohd Najib Tun Razak នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានជួយឧប្ថត្តម្ភថវិកាចំនួន ១ លានដុល្លារអាមេរិក តបតាមការស្នើសុំពីថ្នាក់ដឹកនាំឥស្លាមកម្ពុជា សម្រាប់រៀបចំ បណ្តុះបណ្តាលបច្ចេកទេសគ្រប់គ្រង វិស័យហាឡាល វិស័យសិក្សាធិការឥស្លាម វិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) វិស័យវ៉ាហ្គហ្វ (ទាយជ្ជទាន) ហាជ្ជី (មូលនិធិធម្មយាត្រា) និង រដ្ឋបាលរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រួមនឹងបន្ត និងពង្រឹងការងារមនុស្សធម៌ ដូចជាចូលរួមសាងសង់វិហារឥស្លាម សូរ៉ាវ សាលារៀន ផ្តល់អាហារូបករណ៍ដល់សិស្សនិសិត្ស កម្មវិធីស្រាយបួសនៅទូទាំងប្រទេស ប្រាក់ឧបត្ថម្ភ កុមារកំព្រា ចាស់ជរា និងជំនួយសង្គ្រោះបន្ទាន់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ និង គ្រោះធម្មជាតិ ជាដើម។
លោក អូស្មាន ហាស្សាន់ ក៏ បានស្នើសុំឲ្យខាងជំនាញហាឡាលម៉ាឡេស៊ី ជួយពន្លឿន រៀបចំឯកសារ លិខិតបទដ្ឋាន និងកិច្ចការពាក់ព័ន្ធផ្សេងៗសម្រាប់ដំណើរការហាឡាលកម្ពុជា និង បានអរគុណចំពោះ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) ស្ថានទូតម៉ាឡេស៊ី ក៏ដូចជារាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចំណាយពេលវេលា និង ថវិកា ដើម្បីចូលរួមលើកស្ទួយអភិវឌ្ឍន៌សហគមន៏ឥស្លាមកម្ពុជា។
សូមបញ្ជាក់ថា ៖ ក្រោយពីកិច្ចប្រជុំ នឹះ គណៈប្រតិភូភាគីម៉ាឡេស៊ី បានបន្តដំណើរទៅខេត្តសៀមរាប ដើម្បីបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រប់គ្រង វិស័យហាឡាលផ្នែកម្ហូបអាហារ ដល់សិក្ខាកាមចំនួន ៥០ នាក់ និងបានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យទាំង សមិទ្ធផលអាណាចក្រ ពុទ្ធិចក្រ និង ឥស្លាមសាសនា ជាពិសេសបានធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា៕ សំរិត