ខេត្តកំពង់ឆ្នាំង ៖ មេឆ្នោតខុសច្បាប់ម្នាក់ ត្រូវបានសមត្ដកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាក់ឆ្នោតរាប់ឆ្នាំមកហើយនោះ ។ កិច្ចប្រតិបត្តិការចាប់មេឆ្នោតនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងក្នុងផ្សារលើ ក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា មេឆ្នោតនៅផ្សារលើដែលត្រូវចាប់ខ្លួននេះមានឈ្មោះឈ្មោះ លី ម៉េង ភេទប្រុស អាយុ61ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង មានម៉ាស៊ីនគិតលេខ១គ្រឿង ក្រដាស់កត់កន្ទុយលេខ ៣ដុំសៀវភៅកត់លេខ១ក្បាល នឹងកាបោនប៊ិច លុយខ្មែរ ២៥៣០០០រៀល។
សមត្ថកិច្ចបានអោយដឹង មេឆ្នោតនៅក្នុងផ្សារលើរូបនេះ បានលួចលាក់ចាក់ឆ្នោតជាយូណាស់មកហើយ ប៉ុន្តែមិនដែលចាប់បាននោះទេ ហើយកន្លងមកសមត្ថកិច្ចក៍ធ្លាប់ធ្វើការណែនាំដល់គាត់ដែរ តែគាត់នៅតែធ្វើសកម្មភាពកត់ឆ្នោតដដែល រហូតដល់ថ្ងៃឃាត់ខ្លួននេះតែម្តង ។
ជនសង្ស័យមេឆ្នោតត្រូវសមត្ថកិច្ចនគរបាលក្រុង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា