ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញារងចុះទៅបិទហាងផឹកស៊ីមួយកន្លែងនៅស្រុកមង្គលបុរីសង្ស័យផ្តល់ទីតាំងសិស្សសាលាប្រើប្រាស់ថ្នាំញៀន ក្រោយពីនគរបាលចុះបង្រ្កាបឃាត់ខ្លួនសិស្ស១៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកមង្គលបុរី ក្រោមការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី បានចុះទៅបិទទីតាំងហាងផឹកស៊ីមួយកន្លែងក្នុងស្រុកមង្គលបុរី ដែលសង្ស័យហាងផឹកស៊ីនោះ ផ្តល់ទីតាំងឱ្យសិស្សសាលាចូលទៅផឹកស៊ីហើយប្រើបាស់ថ្នាំញៀន ខុសច្បាប់ ។

ការចុះបិទទីតាំងហាងឈ្មោះតា តាប់ ស្ថិតនៅចំណុចព្រំប្រទល់រវាងសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ និងឃុំប្ញសសីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ អនុវត្តតាមបញ្ជារបស់លោក តេង សម័យ ព្រះរាជអា ជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងនគរបាលស្រុកមង្គលបុរី ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកមង្គលបុរីដឹកនាំកម្លាំងចុះទៅបង្រ្កាបទីហាងផឹកស៊ី ខាងលើ ហើយឃាត់ខ្លួនសិស្សចំនួន១៣នាក់ ដែលមានការប្រើប្រាស់ថ្នាំញៀនទៅទីនោះតែម្តង ។ ទន្ទឹមនោះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនម្ចាស់ហាងផឹកស៊ីនោះបានម្នាក់ មានឈ្មោះ មាស តាប់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីយកទៅសាកសួរតាមនីតិវិធីរបស់សមត្ថកិច្ច។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរីប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកមង្គលបុរី ក្រោយពីទទួលព័ត៌មានរបស់អាណាព្យាបាលសិស្សមកថា កូនរបស់ពួកគាត់បានគេចពីសាលា មិនចូលរៀនហើយនាំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅចំណុចហាងខាងលើរួចហើយ ។ លោកក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក តេង សម័យ ព្រះរាជងអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ស្នងការ ក៏បញ្ជារូបលោកផ្ទាល់ដឹកនាំកម្លាំងចុះទៅបង្រ្កាបទីតាំងហាងនោះ ដោយឃាត់ខ្លួនក្មេងសិស្សសាលា១៣នាក់។ នៅក្នុងខ្យូសផឹកស៊ី ពិនិត្យឃើញ មានសំបកកូនថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា សិស្សទាំង១៣នាក់ខាងលើរៀននៅវិទ្យាល័យស្រុកមង្គលបុរី ចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ សមត្ថកិច្ចពិនិត្យ និងធ្វើតេស្តទឹកនោមទៅលើសិស្សទាំងនោះមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ។ កម្លាំងនគរបាលក៏ចាប់បញ្ជូនយកទៅចាត់ការតាមនីតិវីធី ។

លោកវរសេនីយ៍ទោ ស៊ី ឌីអធិការនគរបាលស្រុកមង្គលបុរីបញ្ជាក់ឱ្យដឹងទៀតថា ហាងឈ្មោះ តា តាប់ ខាងលើ ជាកន្លែងប្រមូលផ្តុំសិស្សសាលាគេចមិនចូលរៀន ហើយមានសិស្សប្រុស ស្រី ពពាក់ពពូនមកផឹកស៊ីសប្បាយ នៅទីនេះជារៀងរាល់ថ្ងៃ និងមានការប្រើប្រាស់ថ្នាំញៀនផងដែរ ។

សូមបញ្ជាក់ថា នៅស្រុកមង្គលបុរីនោះដែរ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ កម្លាំងនគរបាលស្រុកង្គលបុរី ក៏បានចុះទៅបង្រ្កាបឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ ស្ថិតនៅចំណុចភូមិបួរ ឃុំសឿ ស្រុកមង្គលបុរី និងឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកចំនួន ១០កូនថង់ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនយកទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ ៕ សំ វិច្ឆិកា

abc (1) abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8) abc (9) abc (10) abc (11) abc (12)


ចែករំលែក៖