ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល ស្រុកវ៉ារិន ត្រូវបានមន្ត្រីនគរបាលក្រោមឱវាទ ប្តឹងទៅស្នងការខេត្តពីអំពើរពុករលួយ

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមពាក្យបណ្តឹងរបស់មន្រ្តីនគរបាលស្រុកវ៉ារិនចំនួន១០នាក់ ដែលបាននាំគ្នាផ្តិតមេដៃស្តាំ ប្ដឹងទៅលោកស្នងការនគរបាលខេត្ត ដើម្បីស្នើសុំដកអធិការនគរបាលស្រុកវ៉ារិនចេញ គឺដោយសារតែលោកអធិការរូបនេះ កិបកែងលុយសំណងរបស់មន្រ្តីនគរបាលជាជនរងគ្រោះ ដែលត្រូវបានក្រុមក្មេងស្ទាវវាយឱ្យរបួសក្នុងពេលចុះបំពេញការងារ ។

យោងតាមពាក្យបណ្ដឹងផ្ដិតមេដៃមន្រ្តីនគរបាលទាំង១០ខាងលើបានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ លោកអនុសេនីយ៍ឯក កែ សំរ៉ាវង្ស អធិការរងនគរបាលស្រុកបានដឹកនាំកម្លាំងចុះទៅការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងកម្មវិធីប្រគំតន្រី្តមួយ នៅភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ពេលនោះមានក្រុមក្មេងស្ទាវ២ក្រុម បានបង្កហិង្សាវាយតប់គ្នា ហើយកម្លាំងនគរបាលបានចេញទៅហាមឃាត់បញ្ឈប់ភ្លាម ស្រាប់តែមានបងធំក្មេងស្ទាវម្នាក់ ស្រែកប្រាប់ឱ្យគ្នីគ្នាសម្រុកចូលវាយលើលោកអនុសេនីយ៍ឯក និងមន្រ្តីនគរបាល២នាក់ទៀត បណ្ដាលឱ្យរងរបួសជាច្រើនកន្លែង ភ្លាមៗនោះដែរ ក៏មានមន្រ្តីនគរបាលដទៃទៀត ចូលទៅជួយឃាត់ និងចាប់បានក្មេងស្ទាវចំនួន២នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន តែម្ដង។

ក្នុងលិខិតបានបន្តថា លុះដល់ស្អែកឡើង ជនសង្ស័យត្រូវបាន លោកអធិការ ណុប សារ៉ាក់ បានបញ្ជាឱ្យដោះលែងវិញ ដោយមានលោកអធិការរងម្នាក់ទៀត ទទួលបន្ទុកការងារយុត្តិធម៌បានប្រាប់ថា ជនសង្ស័យបានបង់លុយសំណងជំងឺចិត្តចំនួន ១លានហាសិបម៉ឺនរៀល ទៅឱ្យលោកអធិការ តែដល់ពេលលោកអនុសេនីយ៍ឯក សំ រ៉ាវង្ស ដែលជាជនរងគ្រោះនោះបានទទួលលុយបានដល់ដៃតែ២៥ម៉ឺនរៀល ហើយចែកគ្នាស្មើជាមួយលោកអធិការរងទទួលការងារយុត្តិធម៌នោះទៅវិញ។ ដោយឡែកនាយរងប៉ុស្ដិ៍៣នាក់ទៀត ដែលជាជនរងគ្រោះដូចគ្នាដែរនោះ ក៏ទទួលបានលុយសំណងជំងឺចិត្តតែ២៥ម៉ឺនរៀលចែកគ្នាបីនាក់ដែរ។

ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា លោកអធិការ ណុប សារ៉ាក់ ក៏មិនសូវបង្ហាញវត្តមាន នៅក្នុងអធិការដ្ឋាននគរបាលស្រុកវារិនទេ គឺទៅតែពេលប្រជុំនៅសាលា និងប្រជុំនៅអធិការដ្ឋានស្រុកម្ដងៗប៉ុណ្ណោះក្រៅពីនោះគឺនៅ ឯផ្ទះក្នុងខេត្តសៀមរាប ។ ទង្វើទាំងនេះបានធ្វើអោយមន្រ្តីក្រោមឱវាទទាំង១០នាក់ខាងលើ មិនពេញចិត្តសម្រេចចិត្តផ្ដិតមេដៃដាក់ពាក្យបណ្ដឹង ប្ដឹងទៅថ្នាក់លើ ស្នើសុំផ្លាស់ប្ដូរអធិការនគរបាលថ្មីមន្រ្តីដែលចូលរួមផ្ដិតមេដៃ ខាងលើ រួមមាន៖ លោកអនុសេនីយ៍ឯក កែ សំរ៉ាវង្ស អធិការរងនគរបាលស្រុកវារិន, លោក ម៉ៃ បូរី, លោក ឈួន ក្លូ, លោក យ៉ន ហាយ, លោក ហូក គក់, លោក អ៉ិត សាវី, លោក បិន ណន់, លោក យឿម ភ្លុក, លោក ហំ ហាត់, លោក រឿង សុខុម។

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន ដែលរងការចោទប្រកាន់នោះ បានឱ្យដឹងថា រឿងរ៉ាវទាំងនេះគឺជារឿងយល់ច្រឡំបន្តិចបន្តួចតែប៉ុណ្ណោះលោកបន្តទៀតថាចំពោះកូនចៅរបស់លោកខ្លះក៏មិនសូវគោរពបទបញ្ជាផ្ទៃក្នុងនោះទេលោកបានបញ្ជាក់ថា លោកបានរាយការណ៍ជូនថ្នាក់លើ រួចរាល់ហើយ ចំពោះរឿងរ៉ាវខាងលើនោះ។

ទន្ទឹមនឹងនោះមានមជ្ឈដ្ឋាននានា ទន្ទឹងរង់ចាំមើលថា តើលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប អាចចាត់ការរឿងនេះយ៉ាងណា បើតាមប្រភពចេញពីនគរបាលខេត្ត បានខ្សឹប ប្រាប់នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ថា លោក ស្នងការខេត្តសៀមរាប ប្រហែលត្រូវប្តូរអធិការនៅក្នុងខែមីនា ឆ្នាំ២០១៧ នេះហើយ ព្រោះជិតដល់ពេលលោកចូលនិវត្តន៍ ៕ ប៊ុនរិទ្ធី

ae (1) ae (1) ae (2) ae (2) ae (3)


ចែករំលែក៖