ព័ត៌មានទាន់ហេតុការណ៍៖

ឈើគ្រញូងដែលជនល្មើសលួចកាប់នៅក្នុងតំបន់អង្គរនោះត្រូវបានឆ្លាក់ជារូបបដិមាករ

ចែករំលែក៖

ខេត្តសៀមរាប៖ ឈើគ្រញូងមួយដើមដែលមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានក្រុមជនទុច្ចរិតលួចកាប់នៅក្នុងតំបន់ឧទ្យានអង្គរនោះ គឺអាជ្ញាធរធ្វើការដកហូត និងប្រគល់ជូនគណកម្មការវត្តថ្មីដំរីសែនជ័យ ឥឡូវនេះកំណាត់ឈើបានប្រែក្លាយទៅជារូបបដិមា០៦អង្គសំខាន់ៗ សម្រាប់ជាការគោរពបូជារបស់បងប្អូនពុទ្ធបរិស័ទ្ធទាំងអស់គ្នា ។

គណៈកម្មវត្តបានឲ្យដឹងថា ឈើគ្រញូងដែលគេកាប់នោះ ត្រូវអាជ្ញាធរខេត្តប្រគល់មកឲ្យវត្តថ្មីដំរីសែនជ័យរក្សាទុក ហើយក៏បានរកជាងឈើមកឆ្លាក់រូបបដិមាសំខាន់ៗចំនួន០៦អង្គ ក្នុងនោះរួមមាន៖១/រូបបដិមាព្រះអង្គចេក ២/រូបបដិមាព្រះអង្គចម ៣/រូបបដិមាព្រះអង្គជប់ភ្នំគូលេន ៤/រូបបដិមាព្រះបាទជ័យវរ្មនទី៧ ៥/រូបបដិមាលោកតារាជ ៦/រូបបដិមាអ្នកតាដំបងគ្រញូង ។

ប្រភពបន្តទៀតថា រូបចម្លាក់ទាំងអស់នេះ ព្រះតេជគុណចៅអាធិការវត្តថ្មី ដំរីសែនជ័យ គ្រោងរៀបចំ ពិធីអភិសេក នៅថ្ងៃ១៥កើត ពេញបរិមី ត្រូវថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ។

គួររម្លឹកផងដែរថា៖ ឈើគ្រញូងមួយដើមយ៉ាងធំមានអាយុកាលជាង២០០ឆ្នាំ នៅក្នុងឧទ្យានជាតិអង្គរត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅភូមិនគរក្រៅសង្កាត់គោកចកក្រុងសៀមរាប។ហើយត្រូវបានថ្នាក់ដឹកនាំបញ្ជារឲ្យចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធមួយចំនួនយកទៅផ្តន្ទាទោសផងដែរ ដោយជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅដាក់គុកនោះមានទី១/ឈ្មោះឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលបន្ទុកព្រៃឈើ និង ទី២/ លោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3)


ចែករំលែក៖