ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុន យឿម គង់ ល្បីពូកែបំផ្លាញនៃការធ្វើអាជីវកម្មកាយថ្ម និងដីភ្នំលក់នៅខេត្ត ខេត្តបន្ទាយមានជ័យ បានដឹកគ្រឿងចក្រប្រភេទអេស្កាដ៏ធុនធំមួយគ្រឿងខ្ពស់ហួសប្រមាណ គោលបំណងយកទៅកាយថ្មភ្នំនៅស្រុកម៉ាឡៃទាក់នឹងបណ្តាញខ្សែអ៊ិនធើណិតឆ្លងកាត់ ផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តបន្ទាយមានជ័យ បណ្តាលឱ្យដាច់ខ្សែអ៊ិនធើណិត និងបាក់បង្គោលថ្មបណ្តាញអ៊ិនធើណិត២បង្គោល ជាហេតុនាំឱ្យដាច់បណ្តាញអ៊ិនធើណិតស្ទើរអស់មួយចំហៀងខេត្តបន្ទាយមានជយ និងបង្កឱ្យស្ទះចរារណ៍ជិតមួយម៉ោងថែមទៀតផង ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នា២០១៧ នៅចំណុចក្បែររង្វល់មូលស្រីគ្រប់ល័ក្ខ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បញ្ហាខាងលើ មិនបានបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ប៉ុន្តែបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ នាំគ្នារត់ចេញពីផ្ទះស្លន់ស្លោភ័យរត់គេចខ្លាច ខ្សែភ្លើង បង្កឱ្យឆក់ពួកគាត់។ តែការពិតក្រោយមក ទើបដឹងថា ដាច់ខ្សែបណ្តាញអ៊ិនធើណិតឯណោះវិញនោះទេ ។ បង្គោលថ្ម និងខ្សែបណ្តាញអ៊ិនធើណិត រងការដាច់និងដួលរលំ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ ប្រាប់ឱ្យដឹងថា ជារបស់ក្រុមហ៊ុនកាំមីតែល និងរបស់មន្ទីរប្រៃសេនីយ៍និងទូរគមនាគមន៍ ។
ការដឹកអេស្កាធុនធំធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ របស់ក្រុមហ៊ុនយឿម គង់ គេមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុននោះត្រូវសងថ្លៃខូចខាតបង្គោល និងខ្សែបណ្តាញអ៊ិនធើណិត ទៅឱ្យក្រុមហ៊ុនអស់ទឹកប្រាក់ប៉ុន្មាននោះទេ ។ លោក យឿម គង់ ដែលជាថៅកែគ្រឿងចក្របានអះអាងឱ្យដឹងថា ខាងក្រុមហ៊ុនមិនបានតម្រូវឱ្យសងថ្លៃខូចខាតនោះទេ គឺគ្រាន់តែខាងភាគីក្រុមហ៊ុនអ៊ិនធើណិតឱ្យក្រុមហ៊ុនលោកសងដាក់បង្គោលដែលដួលរលំឡើងវិញប៉ុណ្ណោះ ។
បញ្ហាបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈបែបនោះ ពីសំណាក់ការដឹកគ្រឿងចក្រក្រុមហ៊ុនយឿម គង់ មិនត្រូវបានសមត្ថកិច្ច និងអាជ្ញាធរដែនដី ហៅម្ចាស់ក្រុមហ៊ុនមកព្រមាន ឬអប់រំនោះឡើយ ។ គ្រាន់តែគេឃើញម្ចាស់ក្រុមហ៊ុនឈ្មោះ យឿម គង់ មកដល់កន្លែងកើតហេតុជេរកូនចៅអ្នកបើករថយន្តមានកំហុសបន្តិចបន្តួច រួចហើយឱ្យរថយន្តបង្កបើកទៅបាត់ ហាក់បីដូចជាគ្មានញញើតអ្វីបន្តិចនោះឡើយ ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នានិយាយថា គេសង្ស័យក្រុមហ៊ុនយឿមគង់នោះ អ្នកធំមានអំណាចនៅពីក្រោយខ្នង ឬមានទឹកប្រាក់ច្រើននោះហើយ ទើបអាជ្ញាធរដែនដីនិងសមត្ថកិច្ចមិនហ៊ានជាមួយ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាលើកឡើងទៀតថា បើសិនប្រជាពលរដ្ឋតូចតាចគ្មានខ្នងបង្អែកប្រព្រឹត្តកំហុសបែបនោះ មិនដឹងមានទោសទណ្ឌកំរិតណានោះទេ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន យឿម គង់ បច្ចុប្បន្ននេះមានសិទ្ធិផ្តាច់មុខស្របច្បាប់កំពុងធ្វើអាជីវកម្មកាយ និងបំផ្ទុះថ្មភ្នំបុរាណមួយឈ្មោះ ភ្នំរូង ដែលស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អាជីវកម្មថ្មភ្នំនោះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា បង្កឱ្យប៉ះពាល់ បរិស្ថាន ដោយហ៊ុយបំណែកកំទេចថ្ម លើលំនៅឋានប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំដែលមានប្រមាណ៣០ទៅ៤០គ្រួសារ និងបង្កឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោនៅពេលក្រុមហ៊ុនប្រើប្រាស់រំសេវបំផ្ទុះថ្ម ភ្នំម្តងលាន់កក្រើក ឮដូចគ្រាប់បែកទម្លាក់ពីលើយន្តហោះជាដើមនោះ។
ភ្នំរូង នោះដែរ ត្រូវបានប្រជាពលរដ្ឋដែលជាអតីតខ្មែរក្រហមប្រាប់ឱ្យដឹងទៀតថា កាលពីសម័យសង្រ្គាមអតីតជាភ្នំ យុទ្ធសាស្រ្តសង្រ្គាមដាក់កាំភ្លើងធំរបស់កងទ័ពខ្មែរក្រហម និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការពារព្រំដែនកម្ពុជាផងដែរ ។ ប៉ុន្តែភ្នំរូងមួយនេះ បានរងការជីកកកាយ និងផ្ទុះបំថ្មធ្វើអាជីវកម្មពីសំណាក់ក្រុមហ៊ុនយឿម គង់ ស្ទើរវិនាសអស់ទៅហើយ។
ភ្នំនេះតាមការប៉ាន់ប្រមាណរបស់ប្រជាពលរដ្ឋឱ្យដឹងថា យ៉ាងហោច៤ទៅ៥ឆ្នាំខាងមុខទៀត នឹងបាត់ចេញពីផែនទីប្រទេសកម្ពុជានោះហើយ ៕ សំ វិច្ឆិកា