ខេត្តកំពង់ឆ្នាំង : ក្រុមចោរលួចគោជាច្រើននាក់ បានរត់ចោលគោ ដែលក្រុមនេះលួចពីកន្លែងផ្សេងៗគ្នា ក្រោយពីប្រទះឃើញប្រជាពលរដ្ឋដើរកគោនៅក្នុងព្រៃ ស្ថិតក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋបានបាត់គោ និងបានរាយការណ៍ទៅសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំសមត្ថកិចរដ្ឋបាលត្បែងខ្ពស់នាំគ្នាចេញល្បាត ជាមួយប្រជាពលរដ្ឋម្ចាស់គោ ដោយចេញមុខសញ្ញារៀងខ្លួនៗ ក្នុងពេលដែលប្រជាពលរដ្ឋដើររកគោនោះ ក៏ប្រទះឃើញក្រុមចោរលួចគោមួយក្រុម និងគោ៩កក្បាលនៅទីនោះ ខណៈដែលឃើញប្រជាពលរដ្ឋ ក្រុមចោរទាំងនោះ បានរត់បាតជើងសព្រាត គេចចូលក្នុងព្រៃបាត់ នៅសល់តែសត្វគោតូចធំ ញី ឈ្មោលចំនួន៩ ក្បាល។
សមត្ថកិច្ចបានយកគោទាំងនេះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីស្វែងរកម្ចាស់គោទាំង៩ក្បាលនេះមាន ពណ៌ស ញី៥ ក្បាល ឈ្មោល៤ ក្បាល (ក្នុងនោះកូនតូច ០៣ ក្បាល) ៕ ចន្ថា