ភ្នំពេញ៖ យ៉ាងហោចណាស់មានភាពយន្តខ្មែរល្បីៗចំនួន១០រឿង ត្រូវបានជ្រើសរើសឲ្យចូលទៅធ្វើការដាក់តាំងបង្ហាញ និងដាក់លក់នៅលើទីផ្សារអន្តរជាតិ នៃពិព័រណ៍ភាពយន្ត Hong Kong Film Art 2017ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមីនា។
ភាពយន្តទាំង១០រឿងខាងលើ គឺសុទ្ធសឹងតែជារឿងមានលក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចចូលទីផ្សារអន្តរជាតិបាន។
លោកស៊ុំ ស៊ីថែន អ្នកចាត់ការទូទៅរបស់ “ពូព្រហ្ម” បានឱ្យដឹងថា ភាពយន្តទាំង១០រឿងខាងលើ គឺសុទ្ធសឹងតែជារឿងមានលក្ខណៈស្តង់ដារអន្តរជាតិដែលអាចចូលទីផ្សារអន្តរជាតិបាន ។ ម្យ៉ាងទៀតភាពយន្តទាំងនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននាពេលដាក់បញ្ចាំងកន្លងមក ។ លោកបញ្ជាក់ថា “ឆ្នាំនេះយើងជឿជាក់ថាភាពយន្តខ្មែរយើងនឹងកាន់តែល្អជាងឆ្នាំមុនព្រោះមកទល់ពេលនេះមានគេចរចារទិញរឿងយើងរួចហើយដោយមិនទាន់យកទៅដាក់បញ្ចាំងផង”។ លោកបន្តថា សម្រាប់ឆ្នាំទី២ដែលភាពយន្តខ្មែរចូលទៅកាន់ទីផ្សារ Hong Kong Film Art ទីផ្សារនេះយល់ព្រមបញ្ចាំងភាពយន្តខ្មែរ២រឿងជាលក្ខណៈទីផ្សារអន្តរជាតិ (International Market Screening) គឺ៖Jailbreak: ឬ “ការពារឧក្រិដ្ឋជន” និង “ស្នេហ៍ស្វ័យគុណ៤”។ ការបញ្ចាំងបែបនេះមានលក្ខណៈអំណោយផលច្រើនដល់ការលក់ដោយសារអ្នកចាប់អារម្មណ៍ទិញអាចទស្សនារឿងបានទាំងមូល និងសម្រេចតម្លៃបានភា្លមៗ។
ភាពយន្តខ្មែរល្បីៗទាំង១០រឿង ដែលភ្នាក់ងារភាពយន្ត “ពូព្រហ្ម” ជ្រើសរើសចូលទីផ្សារអន្តរជាតិ Hong Kong Film Art 2017 មានដូចជារឿង ប៉ុបពីទៅហូលីវូដ ដែលដឹកនាំដោយលោកសុខវិសាលរឿង វិកលចរិត ដឹកនាំដោយលោកហ៊ុយយ៉ាឡេងរឿង ស្នេហ៍ស្វ័យគុណ៤ ដឹកនាំដោយកញ្ញា សុធាអ៊ីណេសរឿង “Jailbreak” ឬ ការពារឧក្រិដ្ឋជន ដឹកនាំដោយលោកជីមីហែនឌ័រសុនរឿង សេ្នហាសិស្សច្បង ដឹកនាំដោយសុខ លក្ខិណារឿង ខូចចិត្ត ដឹកនាំដោយលោក មង្គល រឿង នារីវេទមន្ត ដឹកនាំដោយលោកជីមី ហែនឌ័រសុន រឿង“កប់ស៊េរី” ដឹកនាំដោយលោកឆន ឆដាភក្រ្ត រឿង កំណប់ឪខ្ញុំ ដឹកនាំដោយលោកឆន ឆដាភក្រ្ត និងរឿង ៣.៥ ដឹកនាំដោយលោកឆាយ បូរ៉ា។
លោកហ៊ុយ យ៉ាឡេង ផលិតករ និងជាចាងហ្វាងផលិតកម្មមាតុចក្រហ្វីលម៍ ដែលមានភាពយន្តរឿង “វិកលចរិត” យកទៅដាក់បញ្ហាញនៅទីផ្សារ Hong Kong Film Art 2017 បានប្រាប់The Phnom Penh Times ថាលោកសប្បាយរីករាយបន្ទាប់ពីភាពយន្តរបស់លោក អាចចូលទីផ្សារអន្តរជាតិម្ដងទៀត បន្ទាប់ពីទទួលបានពានម្ដងរួចមកហើយនៅមហោស្រពភាពយន្តចិនកាលពីពេលថ្មីៗ។លោកបានលើកឡើងថា “អ្វីដែលខ្ញុំចាប់អារម្មណ៍Hong Kong Film Art មានអំណោយផលខ្លាំងសម្រាប់ផលិតករដូចជារូបខ្ញុំរួមនឹងវិស័យភាពយន្តខ្មែរទាំងមូលព្រោះអីកន្លែងហ្នឹងគឺជាកន្លែងចែកចាយកុនធំទី២លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក”។ លោកហ៊ុយយ៉ាឡេងជឿជាក់ថា ស្នាដៃសម្រិតសម្រាំងបែបភ័យរន្ធត់របស់ខ្លួននឹងធ្វើឱ្យអ្នកទិញមកពីទូទាំងពិភពលោកចាប់អារម្មណ៍ ព្រោះមិនទាន់បានចូលរួមផងមានផលិតករបរទេសជាច្រើនបានទាក់ទាក់រួចហើយ ។
គួរបញ្ជាក់ដែរថាHong Kong Filmart២០១៧បានប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា នៅទីក្រុងហុងកុង (ប្រទេសចិន)។ Hong Kong Film Art ជាទីផ្សារធំបផុតនៅទ្វីបអាស៊ីសម្រាប់ឧស្សាហកម្មកម្សាន្ត ។ កម្មវិធីលើកទី២០ កាលពីឆ្នាំ២០១៦ កន្លងទៅទាក់ទាញបានទាក់ទាញក្រុមហ៊ុនពិព័រណ៍ជាង៨០០ មកពី៣០ប្រទេស និងអ្នកទស្សនាជាង៧៣០០នាក់ មកពី៦០ប្រទេស។ ផលិតករអ្នកចែកចាយវិនិយោគិន និងជំនាញការភាពយន្តល្បីៗលើឆាកអន្តរជាតិប្រើFilm Art ដើម្បីសម្ពោធការផ្សព្វផ្សាយភ្ជាប់បណ្តាញជាមួយក្រុមហ៊ុនធំៗ ក្នុងវិស័យនេះក៏ដូចជាចរចាការលក់ដូរផ្សេងៗលើស្នាដៃផលិតភាពយន្ត៕ វឌ្ឍនា