ភ្នំពេញ៖ សម្តែងស្រីល្បីឈ្មោះអ្នកនាង កែវ ពេជ្រពិសី បានស្ងប់ស្ងាត់នឹងការងារសិល្បៈជាច្រើនខែ ពិសេសការងារសម្តែងភាពយន្ត ។ នៅពីក្រោយភាពស្ងប់ស្ងាត់នេះ ព្រោះតែនាងកំពុងតែមមាញឹកនឹងការងារមុខជំនួញមួយចំនួន ។
តារាសម្តែងដែលធ្លាប់គ្រងដោយតំណែងលំដាប់លេចធ្លោ អ្នកនាងកែវ ពេជ្រពិសី ស្រាប់តែប្រែស្ងាត់បាត់ទីផ្សារសម្តែងជាយូរឆ្នាំមកហើយ ហើយបើទោះបីជាវិស័យភាពយន្តកំពុងរីកខ្លាំង ក៏តារាស្រីរូបនេះហាក់មិនរវីរវល់នឹងការចំណាយពេលវេលាថតដែរ ។
អ្នកមេម៉ាយចាយរាងកែវ ពេជ្រពិសី បានលើកឡើងថា ការសម្តែងនាងមិនដែលមានការចង់លាឈប់នោះទេ នាងនៅតែទទួលប្រសិនបើផលិតករមានប្រភេទសាច់រឿងណាដែលមើលទៅគួរឲ្យទាក់ទាញ និងជួយសម្រួលដល់ពេលវេលានាងបានច្រើន។ នាងថា ពេលខ្លះការសម្តែងបើយើងចេះតែសម្តែងបាតណាបាតណី អត់បាននោះទេ គឺនាងត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ដែរ ជៀសវាងការថតហើយមិនមានការគាំទ្រពីទស្សនិកជននៅពេលចាក់បញ្ចាំង។
តារាដែលវិត្តន៍ខ្លួនក្លាយជាពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះបន្តថា ឥឡូវមានតែគិតតាមហ្នឹងគិតអ្វីដែលនៅចំពោះមុខនាង មានតែការខិតខំប្រឹងក្នុងមុខរបរសំអាងការ។
ចំពោះរឿងការងារផ្នែកពិធីការិនីនៅប៉ុស្តិ៍បាយ័ន នាងនៅតែបន្តបំពេញការងារដូចពីមុនដដែល និងមានភាពមមាញឹកហើយការងារប្រភេទនេះ ក៏នាងមានចិត្តស្រឡាញ់ខ្លាំងណាស់ដែរ បើទោះវាពិបាកនាងចេះតែស្តាប់គេស្តាប់ឯង ធ្វើយ៉ាងណាឲ្យវិវឌ្ឍខ្លួនឲ្យកាន់តែល្អឡើងបើទោះជាពិធីការិនីត្រូវចំណាយការអានការស្តាប់ និងចំណេះដឹងទូលំទូលាយ ក៏នាងនៅតែព្យាយាម ព្រោះពិធីការិនីស្តែងឲ្យឃើញពីភាពឆ្លាតវៃ ដែលនាងពេញចិត្តបំផុត។ យ៉ាងណាបើទោះមេម៉ាយយូរឆ្នាំមែន ពេលនេះ ពិសី អត់ខ្វល់រឿងយកគូស្រករក្រៅពីមើលមុខជំនួញផ្ទាល់ខ្លួនឲ្យល្អ ទោះជាមានបុរសជាច្រើនហើយមកតាមសុំស្នេហ៍ ដោយនាងដូចជាខ្លាចស្នេហាមិនសមប្រកប ទើបបានជានៅម្នាក់ឯងយូរបែបនេះអត់ខ្លាចវ័យជ្រេនោះទេ៕ វឌ្ឍនា