ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរាយការណ៍មកអ្នកយកព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ថា សកម្មភាពនៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាប្រើម៉ូទ័រឆក់ត្រី និងហ៊ុំកំប្លោកយកមងក្រឡាញឹកហ៊ុំព័ទ្ធចាប់ត្រី កំពុងកើតឡើងយ៉ាងផុសផុលនៅក្នុងតំបន់សគមន៍នេសាទបាក់ព្រា ជាពិសេសស្ថិតនៅចំណុចឡូត៍លេខ៦ និងបឹងអភិរក្សក្រពើរាលគ្រាដែលមានពាក្យលិចឮមិនល្អចំពោះមន្រ្តីជំនាញជលផលរួមនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដែលជាអ្នកគ្រប់គ្រងទទួលការខុសត្រូវក្នុងតំបន់នោះ បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋអ្នកនេសាទថា បើឈ្មួញនេសាទខុសច្បាប់បង់ប្រាក់ឱ្យគឺមន្រ្តីជំនាញ និងសមត្ថកិច្ចមិនបង្រ្កាបនោះទេ បើចុះបង្រ្កាបវិញគឺបង្រ្កាបទៅលើប្រជាពលរដ្ឋនេសាទអត់បង់ប្រាក់ទៅឱ្យមន្រ្តី និងសមត្ថកិច្ចទាំងនោះ ។ ការអនុវត្តមិនស្មើភាពគ្នានោះហើយ ដែលជាដើមចមនៃការផ្ទុះឡើងភាពមិនប្រក្រតីកើតឡើងក្នុងតំបន់សហគមន៍នេសាទបាក់ព្រា។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា សកម្មភាពនៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បានកើតឡើងនៅតំបន់បាក់ព្រាមិនថយនោះទេធ្វើឱ្យមច្ចាជាតិដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋកំពុងរងការវិនាសបាត់បង់ជាបណ្តើរនោះហើយ។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចក្រឡាហោម ស ខេង ធ្លាប់បានលើកឡើងនិងចេញបទបញ្ជាឱ្យអាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវមានវិធានការទប់ស្កាត់និងបង្រ្កាបរាល់ការប្រើប្រាស់ឧបករណ៍និងការនេសាទខុសច្បាប់ ។ សម្តេចក្រឡាហោមថែមទាំងប្រមានដកតំណែងអភិបាលខេត្តបើសិនជាបទល្មើសនេសាទខុសច្បាប់នៅតែបន្តកើតឡើងនៅក្នុងដែនដីគ្រប់គ្រងរបស់អាជ្ញាធរខេត្តដែលមានការទទួលខុសត្រូវផ្ទាល់តែម្តង ។
ជុំវិញនៃការចោទប្រកាន់ខាងលើ លោក ម៉ៅ ប៉េងលី នាយផ្នែកជលផលប្រចាំនៅស្រុកឯកភ្នំបានបំភ្លឺនិងច្រានចោលរាល់ការចោទប្រកាន់ខាងលើពីសំណាក់ប្រជាពលរដ្ឋ។លោកប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០១៧ ថា ខាងសហគមន៍បាក់ប្រា និងលោក មិនបានយកប្រាក់ប្រជាពលរដ្ឋជាថ្នូរនិងឱ្យមានការនេសាទខុសច្បាប់នោះឡើយ។
លោកឱ្យដឹងទៀតថា ប៉ុន្តែកន្លងមកធ្លាប់លិចឮព័ត៌មានបែបនោះលោកក៏ដូចជាអាជ្ញាធរឃុំនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានបានបង្កើតកម្មវិធីហៅប្រជាពលរដ្ឋមកប្រជុំផ្សព្វផ្សាយច្បាប់ជលផលនៅពេលនោះ លោកចង់ឱ្យប្រជាពលរដ្ឋដែលចោទប្រកាន់ថាមន្រ្តីជលផលរឺប្រធានសហគមន៍និងសមត្ថកិច្ចយកប្រាក់នាំគ្នាមកចង្អុលមុខផ្ទាល់ថាតើមន្រ្តីនិងសមត្ថកិច្ចណាខ្លះដែលយកប្រាក់ពីបងប្អូន ប្រជាពលរដ្ឋទាំងនោះបានបដិសេដ្ឋថាមិនបានបង់ប្រាក់ឱ្យអ្នកណានោះទេ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា កន្លងមកបទល្មើសនេសាទខុសច្បាប់មន្រ្តីជំនាញជលផល និងសហគមន៍តែងតែធ្វើការបង្រ្កាបជាបន្តបន្ទាប់ក្នុងវិធានការទប់ស្កាត់។ជាពិសេ ឡូត៍លេខ៦ លោកធានាអះអាងថាគ្មានបទល្មើសនេសាទខុសច្បាប់កើតឡើងនោះទេ។ប៉ុន្តែនៅតំបន់អភិរក្សបឹងក្រពើរាល ពិតជាមាការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រីខុសច្បាប់ខ្លះ ដោយតំបន់នោះមានទំហំធំធេងកម្លាំងមិនគ្រប់គ្រាន់ គ្មានអ្នកប្រចាំការ។
ជុំវិញបញ្ហាការនេសាទត្រីក្នុងតំបន់សហគមន៍បាក់ព្រាដែលប្រជាពលរដ្ឋ និងមន្រ្តីជលផលមានការលើកឡើងផ្ទុយគ្នាបែបនោះ គេមិនដឹងថា ភាពមិនប្រក្រតីរវាងមន្រ្តីអ្នកទទួលខុសត្រូវលើការងារអភិក្ស និងប្រជាពលរដ្ឋអ្នកនេសាទ មានអាថ៌កំបាំងអ្វីខ្លះកើតឡើងនៅទីនោះ នោះទេ ។ បញ្ហានេះលុះត្រាតែក្រសួងកសិកម្ម រឺអាជ្ញាធរខេត្ត និងសត្ថកិច្ចពាក់ព័ន្ធបង្កើតក្រុមការងារចុះទៅស៊ើបអង្កេតមួយជាក់លាក់ទើបដឹងថា រឿងរ៉ាវមានអ្វីកើតឡើងពិតប្រាកដក្នុងតំបន់នោះ ៕ សំ វិច្ឆិកា