ភ្នំពេញ៖ អ្នករត់តាក់ស៊ីម៉ែត្រម្នាក់បានវាយបុរសស្រវឹងស្រាបើករ៉ឺម៉កម៉ូតូបុករថយន្តរបស់គាត់មួយដៃបណ្តាល ឲ្យសន្លប់ស្តូក ហើយពេលដឹងខ្លួនឡើងវិញស្វាងស្រាចែសលើកដៃសំពះថាខ្ញុំខុសហើយ ចំណែកអ្នករត់តាក់ស៊ីវិញត្រូវបានគេស្គាល់ថា ជាកីឡាករប្រដាល់ជើងចាស់ សៅ ប៊ុននឿន ធ្វើឲ្យគេហួសចិត្តគ្រប់ៗគ្នា ។
ហេតុការណ៍នេះកើតឡើងកាលពីកាលវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ព្រះសីហនុកែងផ្លូវរដ្ឋសភា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលគេស្គាល់ថាជាកីឡាករប្រដាល់ជើងចាស់ សៅ ប៊ុននឿន ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនខ្មែរ ម៉ាកតូយ៉ូតាព្រូស ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2AK-4110 បានបើករយន្តនេះធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅលិចទៅកើត។លុះ មកដល់រង្វង់មូលសម្តេចព្រះសង្ឃរាជ ជួនណាត ក៏ស្រាប់តែមានបុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ដែលគេមិនស្គាល់ឈ្មោះមាន ស្ថានភាពស្រវឹងស្រាស្រាខ្លាំងបានបានបើករ៉ឺម៉កម៉ូតូតាមបណ្តោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បូងទៅជើងហើយ មិនបានបន្ថយល្បឿនក៏រេចង្កូតទៅបុក រថយន្តតាក់ស៊ីម៉ែត្រ ចំទ្វារខាងស្តាំបណ្តាលឲ្យក្រពិតទ្វារ។ ភ្លាមៗនោះគេឃើញម្ចាស់រ៉ឺម៉កម៉ូតូបានចុះពីលើម៉ូតូទៅរករឿងវ៉ៃអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រគឺលោក សៅ ប៊ុននឿន ដែលជាកីឡាករប្រដាល់ជើងចាស់ ធ្វើឲ្យលោកទ្រាំមិនបាន វាយបុរសរត់រ៉ឺម៉កម៉ូតូមួយដៃបណ្តាល ដួលរងរបួសបែកមាត់និងសន្លប់មួយភាំង ។
សាក្សីដដែលបានឲ្យដឹងទៀតថា បានមួយសន្ទុះម្ចាស់រ៉ឺម៉កម៉ូតូងើបពីសន្លប់ដឹងខ្លួនខុសក៏ បានសុំទោសកីឡាករសៅប៊ុននឿន តែដោយសាររថយន្តលោកខូចខាតរថយន្តដែរ ទើបទារ សំណងចំនួន៥០ដុល្លារយកទៅជួសជុលរថយន្ត តែអ្នកបើករ៉ឺម៉កម៉ូតូអង្វរសុំសង ១៥ដុល្លារព្រោះមានលុយតែ ប៉ុណ្ណេះនៅជាប់ខ្លួនក៏បញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានដល់សមត្ថកិច្ចឡើយ ៕ ប្រាថ្នា