ព័ត៌មានទាន់ហេតុការណ៍៖

បង់លុយឲ្យរាល់ខែ នៅតែចាប់ទៀត

ចែករំលែក៖

ខេត្តកណ្ដាល ៖ ទីតាំងស្តុកឈើប្រណីត និងកែច្នៃឈើ២កន្លែង នៅក្នុងភូមិចំការចិន និងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្តាល សហការជាមួយនគរបាលស្រុកអង្គស្នួល ចុះទៅបង្ក្រាប និងរឹបអូសបានឈើប្រណីត ចំនួន១១៥ដុំ ឈើបន្ទះ៥០១បន្ទះ ដកហូត ម៉ាស៊ីនកែច្នៃឈើមួយចំនួន ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់ផងដែរ ។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា ទីតាំងដែល យើងត្រូវបង្ក្រាបនោះ ទី១ ស្ថិតនៅក្នុង ភូមិចំការចិន រឹបអូសឈើប្រណីត ប្រភេទ ធ្នង់ដុំ៩៧ដុំ និងឈើបន្ទះ៨៥បន្ទះ ស្មើ៥ ម៉ែត្រគូប ម៉ាស៊ីនសម្រាប់ច្រៀកកែច្នៃឈើមួយចំនួន និងទីតាំងមួយកន្លែងទៀត នៅ ក្នុងភូមិត្រពាំងត្នោត រឹបអូសឈើប្រណីត ប្រភេទបេង៤ដុំ ឈើធ្នង់១២ដុំ ឈើបន្ទះ ៤១៦សន្លឹក ដែលម្ចាស់ទីតាំងទាំងពីរនេះមានឈ្មោះ ផុន សុជាតិ ភេទប្រុស អាយុ ៣៣ឆ្នាំ ។

លោកបានបន្តទៀតថា ការចុះបង្ក្រាបទីតាំងទាំងពីរកន្លែងនោះបានធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពីមហាជនថា មានទីតាំង កែច្នៃឈើខាងលើ លួចដឹកឈើប្រណីត តាមរថយន្តសេ៊រីទំនើបចូលមកទម្លាក់នៅពេលយប់ទាំងរថយន្តៗ ។

ក្រោយទទួលបទបញ្ជាពីស្នងការនគរបាលខេត្តកណ្តាល និងមានការសហការពី ជំនាញព្រៃឈើ ក៏ដូចជាកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ព្រមទាំងមានការសម្រប សម្រួលពីតំណាងអយ្យការ លោកក៏បាន ដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតប្រទះឃើញមុខសញ្ញាចូលទៅទម្លាក់ឈើទើបកម្លាំងចូលបង្ក្រាបបានរថយន្ត១គ្រឿងម៉ាក LEXUS RX-300 ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ 2AH-2637 និងរថយន្តមួយ គ្រឿងទៀត ម៉ាក LEXUS RX-330 បានព្យាយាម បើកគេចខ្លួនបាត់ ។

លោកបានបន្តថាក្រោយកម្លាំងចូល បង្ក្រាបរួច និងឃាត់ម្ចាស់ទីតាំងខាងលើទើបដឹងថា នៅមានទីតាំងមួយកន្លែងទៀត នៅក្នុងភូមិត្រពាំងត្នោត ដែលជាទីតាំង សម្រាប់នាំយកឈើទៅស្តុក ចែកចាយបន្ត កែច្នៃ និងមានឈ្មួញនៅរង់ចាំទិញជាជនជាតិចិន-ជនជាតិវៀតណាម ទើបកម្លាំង បន្តទៅបង្ក្រាបដោយរកឃើញឈើនៅក្នុងទីតាំងទី២ រួមមានឈើបេង៤ដុំ ឈើធ្នង់ ១២ដុំឈើបន្ទះ៤១៦សន្លឹកបន្ថែមទៀត ។

លោក អ៊ុក ចាន់បូរិន នាយរងសង្កាត់ព្រៃឈើស្រុកអង្គស្នួល បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីធ្វើការរាប់ និងវាស់រួចឃើញថា ឈើដុំមានជាង១០០ ដុំ និងឈើបន្ទះ៥០០បន្ទះ ។ ចំណែក ម្ចាស់ទីតាំងលោកប្រគល់ទៅឲ្យនគរបាលចាត់ការទៅតាមនីតិវិធីច្បាប់ ។

បើតាមចម្លើយម្ចាស់ទីតាំងខាងលើបានឲ្យដឹងថា ការរកស៊ីនេះគាត់បានទំនាក់ទំនងជាមួយនាយប៉ុស្តិ៍ម្នាក់ក៏ដូចជាជំនាញព្រៃ ឈើស្រុកអង្គស្នួល ដោយជំនាញព្រៃឈើមកយកលុយគិតជាក្បាលរទេះ ចំណែក ប៉េអឹមស្រុកវិញ គឺបង់ជាខែតាម មន្ត្រីម្នាក់ ដែលជាមន្ត្រីប៉េអឹមផងដែរ បើមិនដូច្នេះគេ មិនអាចធ្វើបាននោះទេ ។

ម្ចាស់ទីតាំងខាងលើបានឲ្យដឹងទៀត ថា សិប្បកម្មរបស់គាត់បានបង់លុយជា ប្រចាំ មានទាំងបង់ខែ បង់សប្តាហ៍ឲ្យមន្រ្តីមានសមត្ថកិច្ចគ្រប់ប្រភេទ ពោលគឺមិន ដែលខានឬយឺតយ៉ាវម្តងណាទេ ប៉ុន្តែមិនដឹងជាអន់ចិត្តរឿងអីបានជាចាប់យ៉ាងនេះ ។

ប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុនោះ បាននិយាយថា ទីតាំងនេះគឺធ្វើសកម្មភាពអារច្រៀកនៅតែពេលយប់នោះទេ ដោយជញ្ជូនឈើចូលនិងលក់ចេញនៅពេលយប់ផងដែរ ដោយមានជនជាតិចិន និង វៀតណាមចាំទិញបន្តដោយដឹកជញ្ជូនចេញ បន្តតាមរយៈរថយន្តទ្រង់បិទជិតមានរថយន្តទំនើប២ទៅ៣គ្រឿងដើរមើលផ្លូវ ។

លោក ណយ ពុទ្ធ មេភូមិត្រពាំងត្នោតបានបញ្ជាក់ឲ្យដឹងថា ទីតាំងនេះ លោក ធ្លាប់សុំបណ្ណប៉ាតង់គេមើល គឺអស់សុពលភាពតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ មកម៉្លេះ ៕ ហេង សូរិយា

 

 

1

2


ចែករំលែក៖