ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុស ស្រី២នាក់ ត្រូវបាននគរបាលស្រុកឧដុង្គឃាត់ខ្លួន ខណៈដែលពួកគេកំពុងតែជិះម៉ូតូ១គ្រឿង ហើយកម្លំាងនគរបាលល្បាតប្រទះឃើញ ក៏ឃាត់សួរនំា ។
ហេតុការណ៍ឃាត់មនុស្ស២នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលេខ៥១ ក្នុងភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកឧដុង្គបាននិយាយឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន គឺកម្លាំងអធិការដ្ឋាននគរបាលស្រុកបានល្បាតតាមតំបន់ស្មុគស្មាញ ក៏ប្រទះឃើញជនសង្ស័យ ២នាក់ កំពុងតែជិះម៉ូតូ១គ្រឿង មានការសង្ស័យ ក៏ឃាត់ឆែកត្រួតពិនិត្យ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះ ម៊ុត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអន្លុង់ក្ងាន សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង២ ឈ្មោះ ហេង សារី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សីខេត្តបាត់ដំបង ។
សមត្ថកិច្ចបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ គឺបានដកហូត ម៉ូតូចាស់ ១គ្រឿង និងម្សៅក្រាមពណ៌សសង្ស័យថា គ្រឿងញៀនចំនួន១កញ្ចប់មធ្យម ។
បច្ចុប្បន្នជនសង្ស័យទំាង២នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរង់ចំាបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ សេនាស័ក្តិ