ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរួបគេបានដើរអើតឡើមៗ នៅមុខផ្ទះគេអ្នកជិតខាង ឃើញស្មានថា ចោរក៏ស្រែកថាចោរៗ ផ្អើលប្រជាពលរដ្ឋចាប់វាយមួយដៃមួយជើងទ្រមខ្លួន ពេលទៅដល់ប៉ុស្តិ៍ប៉ូលិសទើបដឹងថា ច្រឡំ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ឆាយ ទ្រី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួយជុលម៉ូតូ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ចំណែកស្ត្រីម្ចាស់ផ្ទះមានឈ្មោះសុខ ផាន់នី អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានដើរចូលក្នុងបរិវេណផ្ទះគេ ហើយត្រូវអ្នកជិតខាងឃើញដើរអើតឡើមៗ ក៏ស្រែកថា ចោរផ្អើលប្រជាពលរដ្ឋព្រួតវាយម្នាក់មួយដៃមួយដើងរួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
សូមបញ្ជាក់ថា កន្លងមកមានករណីចោរលួចម៉ូតូនៅក្នុងមូលដ្ឋានទើបបណ្តាលឱ្យមានការសង្ស័យដូច្នេះ ។
ចំណែកជនដែលត្រូវគេវាយព្រោះសង្ស័យថា ជាចោរលួចម៉ូតូនោះបាននិយាយថា ខ្លួនធ្វើគុណ តែបែរជាបានទោស ព្រោះមុនពេលកើតហេតុនោះខ្លួនបានទៅផឹកកាហ្វេហើយបានឃើញស្ត្រីចំណាស់ម្នាក់ដែលខ្លួនគាត់មិនគាប់បីមើលនោះទេ ហើយខ្លួនបានចូលទៅហៅមនុស្សនៅទីនោះពីរទៅបីម៉ាត់ដែរ តែគ្មានអ្នកណាឆ្លើយទើបខ្លួនចូលទៅទាញក្រណាត់ដើម្បីគ្របឱ្យស្ត្រីចំណាស់នោះហើយម៉ូតូរាងទើសផ្លូវក៏ទាញងាក បន្តិតតែក៏ត្រូវគេស្រែកថា ចោរៗផ្អើលប្រជាពលរដ្ខនៅក្បែរនោះព្រួតវាយខ្លួនតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានអប់រំហើយអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ