ភ្នំពេញ៖ ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានឲ្យបុរសម្នាក់ទៀតសង្ស័យថា សហាយស្មន់ដឹកចេញពីរោងចក្រ ទៅកាន់បន្ទប់ផ្ទះជួលមួយកន្លែងដែលនាងស្នាក់នៅ ខណៈចេញហូបបាយថ្ងៃត្រង់ ហើយត្រូវបានម្ចាស់ផ្ទះជួល ទូរស័ព្ទទៅប្រាប់ប្ដីរបស់នាង ហើយប្ដីក៏បានទៅមើលឃើញ នាងកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយមនុស្សប្រុស ក៏បានយកសោចាក់ពីខាងក្រៅជាប់។ បន្ទាប់មក បានទូរស័ព្ទហៅនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យចុះទៅ ឃាត់ខ្លួននោះទៅសាកសួរ និងបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រពន្ធ ឈ្មោះ វី ធីតា អាយុប្រហែល២៣ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅជាមួយប្ដី ក្នុងបន្ទប់ផ្ទះ ជួលខាងលើចំណែកបុរសជាប្ដី ឈ្មោះ ម៉ម សំណាង អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយប្តីប្រពន្ធទាំងពីរនាក់នោះ រៀបការជាមួយគ្នាត្រឹមត្រូវតាមច្បាប់ និង មានកូនម្នាក់នៅក្នុងបន្ទុកគ្រួសារ។ ដោយឡែកជនសង្ស័យថា ជាប្រុសសហាយនោះ ឈ្មោះសិក ធឿន អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្ដីបាននិយាយថា ប្រពន្ធរបស់ខ្លួន និងជនសង្ស័យជាសហាយនោះ ឈ្មោះសិក ធឿន ធ្វើការនៅក្នុង រោងចក្រកាត់ ដេរជាមួយគ្នា ហើយអ្នកទាំងពីរមានស្នេហាលួចលាក់ជាមួយគ្នាយូរមកហើយ។ អ្នកធ្វើការនៅក្នុងរោងចក្រ ជាមួយគ្នាតែងនិយាយប្រាប់គាត់(ប្តី)ថា ប្រពន្ធ និងបុរសនោះមានភាពស្និទ្ធស្នាលជាមួយគ្នាខុសធម្មតា ដោយជនជនោះតែងតែដឹកប្រពន្ធរបស់លោក ទាំងចេញពីធ្វើការ និងទាំងទៅធ្វើការរៀងរាល់ថ្ងៃថែមទៀតផង ។ ប៉ុន្តែ ពេលនោះខ្លួនមិនបានជឿនោះឡើយ ។ លុះដល់ថ្ងៃកើតហេតុខាងលើ ខណៈចេញហូបបាយថ្ងៃត្រង់ ប្រពន្ធរបស់ខ្លួន និងជនសង្ស័យ បានដឹកគ្នាចេញពីរោងចក្រទៅកាន់ផ្ទះជួល ហើយបាននាំគ្នាចូលទៅសម្ងំ នៅក្នុងបន្ទប់ និងបានបិទទ្វារជិត ដោយបានឃើញទង្វើមិនគប្បី ម្ចាស់ផ្ទះជួលបានខលប្រាប់ ទើបខ្លួនទៅមើលឃើញពួកគេកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយគ្នា ក៏បានខចាក់សោរទ្វារពីខាងក្រៅ រួចប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចុះទៅចាប់ខ្លួនតែម្ដង។
ចំណែកស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីបានចោទប្រកាន់នាងទាំងស្រុង តាមពឹតនាង និងឈ្មោះ សិក ធឿន គ្រាន់តែជាមិត្តភក្ដិនឹងគ្នាតែប៉ុណ្ណោះ ហើយនៅពេលកើតហេតុ នាងមិនមែននៅក្នុងបន្ទប់តែ២នាក់បុរសនោះទេ គឺនៅក្នុងបន្ទប់នោះ មានគ្នាចំនួន៣នាក់ ដែលក្នុងនោះមានរូបនាង បុរសជាប់ចោទ រួមនិងប្អូនស្រីរបស់នាងម្នាក់ទៀត ។ ប៉ុន្តែខណៈដែលប្ដីនាងទៅមើលឃើញតែនាង និងបុរសនោះ មិនបានឃើញប្អូនស្រីនាងទេ ព្រោះនាងបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកទើបប្ដីនាងមើលមិនឃើញ ហើយថា នាងនៅតែ២នាក់ ទើបចោទថា សហាយស្មន់ និងបានយកសោចាក់ទ្វារពីខាងក្រៅ រួចហៅនគរបាលឲ្យចុះទៅ ចាប់ខ្លួនពួកនាងតែម្ដង។ ប៉ុន្តែប្ដីនាងមិនបានគិតថា ប្រសិនបើនាងមាន នាងសហាយស្មន់រួមរ័កគ្នាមែន មិនដែលប្រព្រឹត្តទាំងថ្ងៃហើយរួមរ័កម្ដងទាំង៣នាក់ នៅក្នុងបន្ទប់តែមួយបែបនេះឡើយ ខ្វះអីផ្ទះសំណាក់តែ៥ដុល្លារវ៉ៃម៉ាស្អាតណោះ ។
ក្រោយពេលកើតហេតុ នគរបាលបានធ្វើកិច្ចសន្យាឲ្យពួកគេបញ្ឈប់ការក្បត់ក្រុមគ្រួសារតទៅទៀត បន្ទាប់មក បានឲ្យពួកគេត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយពួកគេសុទ្ធតែបានប្រកាន់ជំហរថា នឹងលែងលះគ្នាឈប់យកគ្នាជាប្ដីន្រពន្ធទៀតហើយ ៕ សុខាសែនជ័យ
ស្ត្រីជាប្រពន្ធ និងបុរសជាសង្ស័យសហាយស្មន់ ខណៈស្ថិតនៅប៉ុស្តិ៍នគរបាលសួរនាំ