ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូរុឺម៉ក់ បានបើកធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរុឺម៉ក់សង្កត់ពីលើលិចខ្លួនជាប់នឹងភក់ស្លាប់យ៉ាងអាណោចអាធ័ម នាវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរសាលាសង្កាត់ជើងឯក នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ ឯម យាុំ ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូរុឺម៉កកង់បី មានស្រុកកំណើតនៅក្នុងភូមិត្រពាំង ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ហើយបើកបររុឺម៉ក់ម៉ូតូ ពាក់ស្លាក ភ្នំពេញ 1AM.6251 ។
តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុ និងឃើញហេតុការណ៍នោះបានឲ្យដឹងថា បុរសរងគ្រោះខាងលើបានបើករុឺម៉កម៉ូតូម្នាក់ឯង ធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវមានភាពងងឹត និងស្ពានតូចជាងផ្លូវ ក៏ធ្វើឲ្យបុរសរងគ្រោះបួងចង្កូតមិនទាន់ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយរុឺម៉កម៉ូតូ ក៏បានសង្កត់ម្ចាស់នៅជាប់នឹងភក់ប្រឡាយទឹកស្អុយជាប់ជិត១ម៉ោងដោយគ្មានអ្នកជួយ បណ្ដាលឲ្យលិចខ្លួនជាប់ និងភក់ស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងឲ្យរថយន្តស្ទួច មកស្ទួចយកម៉ូតូរុឺម៉កចេញ រួមទាំងបានរាវយកជនរងគ្រោះមកដាក់លើគោកដើម្បីស្វែងរកអត្តសញ្ញាណ ។ បន្ទាប់ក្រោយមកដោយសារសាច់ញាតិជនរងគ្រោះនៅខេត្តឆ្ងាយ ទើបសមត្ថកិច្ចសម្រេចឲ្យរថយន្តសាមុយដឹកសពយកទៅដម្កល់នៅវត្តទឹកថ្លា ឯខណ្ឌសែនសុខ ។ ដោយឡែករុឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំសាច់ញាតិយកឯកសារគ្រប់មកបង្ហាញទើបប្រគល់រុឺម៉កម៉ូតូឲ្យទៅវិញ ៕ ភារ៉ា ដង្កោ