ខេត្តព្រះសីហនុ៖ កាលពីម៉ោងប្រមាណ១០កន្លះយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីប្រើអំពើហិង្សាមួយកើតឡើងក្នុងក្លឹបខារ៉ាអូខេ ស៊ីធីហ្គោល ដែលមានទីតាំងស្ថិតនៅក្រុម១៣ ភូមិ១ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ ហេង រិទ្ធី ជាមេធាវីខេត្តព្រះសីហនុ មានអាយុ៣៦ឆ្នាំ រស់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ បានឱ្យដឹងថាមានករណីប្រើអំពើហិង្សាបង្កររបួសស្នាម លើរូបគាត់ក្នុងក្លឹបខារ៉ាអូខេ ស៊ីធីហ្គោល ខណៈដែលរូបគាត់មានមិត្តភក្តិហៅទៅចូលរួមនៅក្នុងកម្មវិធីនៅក្នុងក្លឹបខាងលើ ក្រោយពេលកើតហេតុ លោកបានដាក់ពាក្យបណ្តឹងនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកបុរសជនសង្សយ័ម្នាក់នោះមកដោះស្រាយតាមនីតិវិធីច្បាប់ ។
លោកមេធាវីបានបញ្ជាក់ថា មុនពេលកើតហេតុ រូបលោកបានឡើងជណ្តើរទៅជាន់ខាងលើ រួចក៏បានប៉ះស្មារគ្នាជាមួយជនសង្ស័យ ដែលបានដើរចុះមកខាងក្រោមវិញ រួបគាត់ក៏បានសួរ ហេតុអ្វីបានជាលោកដើរមកបុកខ្ញុំយ៉ាងនេះ ពេលនោះជនសង្ស័យមិនឆ្លើយតបទេហើយ ក៏បានដាល់ខ្ញុំមួយដៃលើចិញ្ចើមភ្នែកខាងឆ្វេងឡើងហើមជាំ និងទាត់ធាក់់បន្ថែមទៀតរួចក៍នាំបក្សពួកឡើងរថយន្ត វីហ្គោ VIGO ពណ៍ស ពាក់ស្លាកលេខ ខ.ម -2-2525 គេចខ្លួនបាត់ស្រមោលដោយមិនមានការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ច និងសន្តិសុខឯកជនដែលយាមប្រចាំការនៅក្លឹបកំសាន្តខារ៉ាអូខេខាងលើនោះឡើយ។
ក្រោយពេលកើតហេតុ លោកមេធាវី ហេង រិទ្ធី ក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ៤នៅវេលា ម៉ោងប្រមាណជិត ១០កន្លះយប់ថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៧ ដោយភ្ជាប់ជាមួយ រូបកភាពនៅក្នុងកាមរ៉ាសុវត្ថិភាព ខណៈជនសង្ស័យរួម និងបក្ខពួកចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេមុនពេលកើតហេតុ ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ កំពុងស្រាវជ្រាវរកជនសង្ស័យ និងបក្សពួក ដើម្បីយកមកដោះស្រាយទៅតាមតាមនីតិវិធីច្បាប់ មិនឱ្យជនបង្ករករួចផុតពីសំណាញ់ច្បាប់ឡើយ ។
ភ្ញៀវដែលបានចូលទៅក្លឹបកំសាន្តខាងលើ និងបានឃើញហេតុការណ៍ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចនិងសន្តិសុខឯកជនមិនបានឃាត់ខ្លួនជនបង្ករបួសស្នាមមកលើអតីថិជនដែលចូលមកកំសាន្ននៅក្នុងក្លឹបខាងលើ ហើយពួកគាត់បានដាក់ការព្រួយបារម្ភថា ថ្ងៃណាមួយ មានករណីរហូតដល់បាត់បង់ជីវិត ក៏មិនមានសមត្ថកិច្ច ឬថៅកែរក្លឹបខាងលើចេញមុខក្នុងការជួយអន្តរាគមន៍ និងមានចំណាត់ការទៅតាមផ្លូវច្បាប់ជូនដល់ជនរងគ្រោះឡើយ ៕ ឆ្លាម សមុទ្រ