ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថា កាលពីវេលាម៉ោង២ និង៣៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចកន្ទុយនាគឆ្នេរសុខា មានអំពើហិង្សាមួយកើតឡើងដោយនារី២ក្រុមបានណាត់វ៉ៃគ្នា បណ្តាលឲ្យ នារីម្នាក់រងរបួសធ្ងន់ រហូតដល់សន្លប់ ។
ក្រោយមកត្រូវបានសមត្ថិកិច្ចចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ១.ឈ្មោះអ៊ុំ សុផានិត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួលក្រុមទី៤១ ភូមិ១ សង្កាត់លេខ៤ក្រុងព្រះសីហនុ ជាអ្នកដៃដល់ ២.ឈ្មោះ ធារ៉ា ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយឈ្មោះ អ៊ុំ សុផានិត ជាសហចារី រួមដៃជាមួយជនដៃដល់ និង ៣.ឈ្មោះ ឈុន ប្រុស ភេទប៉េដេ (ខ្ទេីយ)អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងអនុស្សាវរីយ៍តាមមាត់សមុទ្រ បច្ចុប្បន្នរស់នៅក្រុមទី២៦ ភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ ជាសហចារីបានចូលរួមធ្វើសកម្មភាព ។
រីឯភាគីម្ខាងទៀតឈ្មោះ មុី ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង រស់នៅក្រុមទី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសចំក្បាលពីក្រោយ ៣កន្លែងធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។
លោកអធិការក្រុងបានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ និងជនរងគ្រោះជាគូជម្លោះនឹងគ្នា និងបានណាត់មកវ៉ៃគ្នា ដោយផ្តើមពីការនិយាយដើមគ្នា ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតាមនីតិវិធី៕ ឆ្លាម សមុទ្រ