យោងតាមសហព័ន្ធបាល់ទាត់បារាំង បានចេញសេចក្ដីថ្លែងការណ៍ខ្លីថា គ្រូបង្វឹកលោក Didier Deschamps បានកោះហៅខ្សែបម្រើ Tiemoue Bakayoko របស់ក្លិប Monaco បន្ទាប់ពី Pogba បានដកខ្លួន ដោយសារគ្រូពេទ្យពិនិត្យឃើញថា រូបគេនឹងមិនអាចលេងបានរយៈពេល១៥ថ្ងៃ។ ដូច្នេះកីឡាករ Tiemoue Bakayoko ខ្សែបម្រើវ័យក្មេងសញ្ជាតិបារាំងវ័យ២២ឆ្នាំ របស់ក្លិប Monaco នឹងមកជំនួសតំណែងខ្សែបម្រើប្រយុទ្ធកីឡាករ Paul Pogba របស់ក្លិបបីសាចក្រហម Manchester United នៅក្នុងក្រុមជម្រើសជាតិបារាំង។
កីឡាករវ័យក្មេង Bakayoko របស់ក្លិប Monaco FC លេងស្រដៀងគ្នានឹង Pogba ហើយកីឡាកររូបនេះ ក៏ជាអ្នករកគ្រាប់បាល់ឲ្យ Monaco ទម្លាក់ Manchester City នៅ UEFA Champions League ផងដែរ។ Bakayoko ជាកីឡាករទី៥ របស់ Monaco ដែលបានជាប់ជម្រើសជាតិបារាំង បន្ទាប់ពីកីឡាករ Benjamin Mendy, Djibril Sidibe, Thomas Lemar និងកីឡាករ Kylian Mbappe។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបារាំងនឹងត្រូវប្រកួតជម្រុះ World Cup 2018 ជាមួយនឹងជម្រើសជាតិលុចហ្សាំបួរ និងប្រកួតមិត្តភាពជាមួយនឹងជម្រើសជាតិអេស្ប៉ាញ នៅសប្តាហ៍ក្រោយ។ ប៉ុន្តែក្រុមជម្រើសជាតិបារាំងនឹងអវត្តមានតារាឆ្នើម Pogba ដោយសារកីឡាកររូបនេះបានរងរបួសសរសៃពួរកាលលេងក្របខ័ណ្ឌ UEFA Europa League ឲ្យក្រុម Man Utd ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយលេងបានតែ២នាទីប៉ុណ្ណោះនៅតង់ទី២ក៏ប្តូរចេញ៕ ដេវីត