ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន៤ថ្ងៃ កូនស្រីតាមរកគ្រប់ច្រកល្ហកនៅតែមិនទាន់ឃើញ

ចែករំលែក៖

ភ្នំពេញ៖ នារីជាជាងអ៊ុតសក់ម្នាក់ រួមដំណើរដោយសាច់ញាតិ បានធ្វើដំណើរស្វែងរកបុរសអ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវជាឪពុកបង្កើតរបស់នាង ដោយនាងនិយាយថា ឪពុកនាងបានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃកន្លងមកហើយ មិនដឹងជាទៅណា ។ បន្ទាប់ពីបាននាំគ្នាដើររកគ្រប់ច្រកល្ហកមិនឃើញ ទើបនៅវេលាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ពួកគាត់ រួមជាមួយក្មួយៗនាំគ្នា ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរក ។

image2

គាត់បានដូរសម្លៀកបំពាក់ថ្មី រួចក៏បានជិះម៉ូតូនោះចាកចេញពីផ្ទះបាត់រហូត ដោយមិនបានប្រាប់ថា ទៅណាឡើយ

បុរសដែលបានបាត់ខ្លួននោះ ឈ្មោះ ភួន ស៊ីថា អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅក្នុង ភូមិថ្កូវ ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង និងស្នាក់នៅផ្ទះជួល នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកូនស្រីដែលតាមរកឪពុកនោះ ឈ្មោះថា ចន្ធូ អាយុ២១ឆ្នាំ មុខរបរជាជាងអ៊ុត សក់ស្នាក់នៅជាមួយឪពុកនាងដែរ ។

image1

ក្រោយពេលដឹងថា គាត់បាត់ខ្លួន នាងនិងសាច់ញាតិបានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញទាល់តែសោះ ទើបនាង និងក្រុមគ្រួសារ សម្រេចចិត្តទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលជួយ

នារីខាងលើបាននិយាយថា កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ឪពុករបស់នាងបានចេញទៅផឹកស៊ីនៅខាងក្រៅផ្ទះជាមួយអ្នករត់ម៉ូតូឌុបដូចគ្នា លុះពេលផឹកអស់ស្រាបៀរតែ១កំប៉ុង ក៏ឈប់ផឹក ហើយបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1E-4537 ត្រឡប់ទៅផ្ទះវិញ ។ បន្ទាប់មក គាត់បានដូរសម្លៀកបំពាក់ថ្មី រួចក៏បានជិះម៉ូតូនោះចាកចេញពីផ្ទះបាត់រហូត ដោយមិនបានប្រាប់ថា ទៅណាឡើយ ហើយនាងស្មានថា គាត់ទៅកន្លែងផឹកវិញ ទើបមិនបានសួរថា ទៅណា។ ក្រោយពេលដឹងថា គាត់បាត់ខ្លួន នាងនិងសាច់ញាតិបានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញទាល់តែសោះ ទើបនាង និងក្រុមគ្រួសារ សម្រេចចិត្តទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលជួយអន្តរាគមន៍រកផង ៕ សុខាសែនជ័យ

 


ចែករំលែក៖