ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១០០និង១០១ស្ថិត ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ឋត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
លោកប្រាក់ ប៊ុនឡៃ នាយប៉ុស្តិ៍នគរបាលឃុំត្រែងត្រយឹងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ មិនស្គាល់អត្តសញ្ញាណបើករថយន្តមួយគ្រឿងម៉ាក់បាឡែន ពាក់ស្លាកលេខ ភ្នំពេញ2Q.2149 ជិះគ្នា៣នាក់ បើកពីកើតទៅលិច ។ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាក់ Hyundai ដឹកបង្គោលភ្លើង ពាក់ស្លាកលេខ ភ្នំពេញ 3B.5020។
ប្រភពបានបន្តថា ក្នុងដំណើរស្របទិសគ្នាបណ្តាលឲ្យអ្នកបើករថយន្តបាឡែនស្លាប់នៅកន្លែងកើតហេតុនិងរបួសធ្ងន់ស្រីម្នាក់ និងប្រុសម្នាក់ទៀត ។ រីឯអ្នកបើករថយន្ត Hyundaiចុះរត់គេចខ្លួនបាត់ ។ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការនគរបាលស្រុកភ្នំស្រួចរង់ចាំ ដោះស្រាយជាក្រោយ ៕