ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ច រួមនឹងប្រជាការពារភូមិ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី ឃាត់ខ្លួនពេលធ្វើសកម្មភាពជួញដូរថ្នាំញៀនដោយដកហូតបានថ្នាំញៀន១កញ្ចប់មធ្យមកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត។
ការឃាត់ខ្លួននេះ ធ្ធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចត្រពាំងទឹក ក្នុងភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាលឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាដែលត្រូវបានឃាត់ខ្លួនឈ្មោះ គង់ ហ៊ុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ត្រី ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គបានប្រាប់ឲ្យដឹងថា ដោយបានទទួលព័ត៌មានថា មានករណីជួញដូរថ្នាំញៀននៅចំណុចខាងលើក្រោមបញ្ជាលោកឧត្តមសេនីយ៍ត្តី សម សាមួន ស្នងការនគរបាលខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យខាងលើ ហើយបានឆែកឆេររកឃើញម្សៅសថ្លាសង្ស័យថ្នាំញៀននៅជាប់នឹងខ្លួន១កញ្ចប់។
លោកអធិការរងបន្តថា ក្រោយឆែកឆេររកឃើញមានថ្នាំញៀន កម្លាំងរបស់លោកបាននាំខ្លួនជនសង្ស័យមកកាន់អធិការស្រុកដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចឆែកឃើញនេះគឺពិតជារបស់គេប្រាកដមែន ដោយគេមានបំណងយកមកលក់ឲ្យម៉ូយដែលធ្លាប់ទិញជក់នាពេលកន្លងមក ដោយណាត់គ្នានៅចំណុចខាងលើពេលរៀបចំដោះដូរថ្នាំក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ចំណែកអ្នកដែលមកទិញបានរត់គេចខ្លួនបាត់ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់មធ្យម និងម៉ូតូ១គ្រឿង ព្រមទាំងទូរស័ព្ទចាស់១គ្រឿងផង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបានខេត្យចាត់ការបន្តតាមនីតិវិធី៕ សេនា ស័ក្តិ