ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ចោទឈ្មោះ សុខ ផារ៉ាចេញសែកអត់សាច់ប្រាក់២៧ម៉ឺនដុល្លារត្រូវបញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត បុរសម្នាក់ដែលឆបោកប្រាក់ និងចេញសែកអត់សាច់ប្រាក់ចំនួន២៧ម៉ឺនដុល្លារអាមេរិក ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការបញ្ជាក់ថា លោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ សុខ ផារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៨ក ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទានដោយមានបំណងនិងមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ តាមមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់ ។

neat 1

ជនជាប់ចោទឈ្មោះ សុខ ផារ៉ាចេញសែកអត់សាច់ប្រាក់២៧ម៉ឺនដុល្លារត្រូវបញ្ជូនទៅពន្ធនាគារ

ដើមបណ្ដឹងក្នុងសំណុំរឿងនេះមានឈ្មោះ អ៊ឹង សុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ។

ប្រភពព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ឈ្មោះ សុខ ផារ៉ា បានលួងលោមដើមបណ្ដឹង ឲ្យប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរកស៊ីជំនួញផ្ទាល់ខ្លួន ដោយសន្យាថានឹងសងប្រាក់មកវិញ ។ លុះដល់ថ្ងៃកំណត់ ឈ្មោះ សុខ ផារ៉ា គេចវេះពុំព្រមសងប្រាក់នោះទេ ។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ឈ្មោះ សុខ ផារ៉ា បានលួងលោមដើមបណ្ដឹងម្តងទៀតឲ្យប្រគល់ប្រាក់ចំនួន១៦ម៉ឺនដុល្លារអាមេរិក ដោយសន្យាសងវិញក្នុងរយៈពេល៣ខែ ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះ សុខ ផារ៉ា បានមកយកប្រាក់បន្ថែមទៀតចំនួន១២០០០ដុល្លារអាមេរិក ។ ប៉ុន្តែប្រាក់ទាំងអស់នេះ ឈ្មោះ សុខ ផារ៉ា បានគេចវេះពុំព្រមសងវិញឡើយ ។

neat

ដើមបណ្ដឹងស្នើឲ្យតុលាការចាត់ការឈ្មោះ សុខ ផារ៉ា តាមច្បាប់ ទាមទារសំណងចំនួន២៧ម៉ឺនដុល្លារអាមេរិក និង ប្រាក់ជំងឺចិត្តចំនួន១៥ម៉ឺនដុល្លារ

ប្រភពព័ត៌មាន បន្តថា ឈ្មោះ សុខ ផារ៉ា បានចេញមូលប្បទានប័ត្រមួយសន្លឹកលេខ០០០៨២៨៧ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ទឹកប្រាក់ចំនួន១៥ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែពេលទៅបើកប្រាក់ ខាងធនាគារបញ្ជាក់ថា គ្មានសាច់ប្រាក់ឡើយ ។

បញ្ហានេះ ដើមបណ្ដឹងស្នើឲ្យតុលាការចាត់ការឈ្មោះ សុខ ផារ៉ា តាមច្បាប់ ទាមទារសំណងចំនួន២៧ម៉ឺនដុល្លារអាមេរិក និង ប្រាក់ជំងឺចិត្តចំនួន១៥ម៉ឺនដុល្លារអាមេរិក ៕ ចេស្តា

 


ចែករំលែក៖