ភ្នំពេញ៖ បុរសជាប្តី និងប្រពន្ធបានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍ បន្ទាប់ពីទុកម៉ូតូមុខម៉ាត សមប្រាថ្នា រួចចូលទៅទិញទឹក ពេលចេញមកវិញបាត់ម៉ូតូ លឿនជាងផ្លេកបន្ទោរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅបរិវេណស្ថានីយសាំង សមប្រាថ្នា តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ម៉ូតូដែលត្រូវជនសង្ស័យកាច់សោ ក យកទៅបាត់នោះ ម៉ាកវេវ អាវហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY 1238 ស៊េរីឆ្នាំ២០១៤ ជាកម្មសិទ្ធិរបស់ឈ្មោះ ងឹន សាវ៉ុន អាយុ២៩ឆ្នាំ មុខរបរពិនិត្យគុណភាពអង្ករ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ ។
ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានទៅកាន់ទីតាំងអង្គការមួយកន្លែងនៅម្តុំព្រែកជ្រៃ ខណ្ឌដង្កោ លុះដល់វេលាកើតហេតុខាងលើត្រឡប់មកវិញ តាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចស្ថានីយប្រេងឥន្ធនៈ សមប្រាថ្នា ក៏បានចូលទៅទិញទឹកហូប ដោយទុកម៉ូតូនៅខាងមុខម៉ាត សមប្រាថ្នានោះ លុះពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងបៅប៉ុស្តិ៍ចោមចៅដើម្បីឱ្យនគរបាលជួយអន្តរាគមន៍ ៕ សុខាសែនជ័យ