ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូ និងប្រើប្រាស់អាវុធខុសច្បាប់ត្រូវបានលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបង្ហាញមុខជាសារធារណៈ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា២០១៧។
សមត្ថកិច្ចឲ្យដឹងថា ទី១ ឈ្មោះ ណោ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័ត តាមផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ មានស្រុកកំណើតភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម (កាន់កាតកាសែតពន្លឺជាតិ) ។ ជនសង្ស័យទី២ ឈ្មោះ អៀង សុធី ហៅ ពៅ អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់រាំង ឃុំកំពង់រាំង ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក ម៉ក់ហុង បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេបានធ្លាប់ធ្វើសកម្មភាពលួចម៉ូតូចំនួន៣លើប៉ុណ្ណោះ ដោយធ្វើសកម្មភាពលើកទី១ នៅបុរីញ៉ូថោន ក្នុងសង្កាត់ចោមចៅ លើកទី២ ធ្វើសកម្មភាពលួចម៉ូតូនៅម្តុំសង្កាត់កំបូល និងលើកទី៣នៅក្រោយវត្តស្លែង ខណ្ឌដង្កោ សុទ្ធតែបានសម្រេចទាំងអស់ និងលើកទី៤មករកធ្វើសកម្មភាពលួចនៅសង្កាត់ក្រាំងធ្នង់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមុនតែម្តង ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធនឹងកាំភ្លើងខ្លីមួយដើមម៉ាក K59 នោះក្រោយពីសមត្ថកិច្ចដកហូតពីជនសង្ស័យហើយបានយកទៅធ្វើកោសល្យវិច័យឃើញថា កាំភ្លើងខាងលើនេះ មិនមានពាក់ព័ន្ធបទល្មើសនៅក្នុងរាជធានីភ្នំពេញឡើយ ដូចនេះសមត្ថកិច្ចបានចោទប្រកាន់ជនសង្ស័យខាងលើពីបទកាន់កាប់អាវុធគ្មានការអនុញ្ញាត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានប្រាប់ថា ក្នុងករណីបង្ក្រាបបានជនសង្ស័យខាងលើនេះលោក បុឹល កុសល អភិបាលខណ្ឌសែនសុខបានឧបត្ថមទឹកប្រាក់ចំនួនមួយលានរៀល ជាការលើកទឹកចិត្តដល់កងកម្លាំងផង និងបានស្រាវរកឃើញម្ចាស់ម៉ូតូឌ្រឹមសង់សេ១២៥ សេរី ឆ្នាំ២០១១ ដែលជនសង្ស័យកំពុងជិះធ្វើសកម្មភាពហើយបានប្រគល់ឲ្យម្ចាស់ដើមវិញផងដែរ ៕ តុង សីហា