ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូម៉ាក់ ហុងដា C125 កាលពីវេលាម៉ោង៦និង៤៥ព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបី សួនច្បាររូបគោខាងកើត (អតីតសួនច្បាររូបសិង្ហ) ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។
បើតាមប្រជាពលរដ្ឋបានឃើញកើតហេតុនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2V 4292 បើកបរពីទិសខាងកើតទៅទិសខាងលិច លុះចំណុចកើតហេតុខាងលើ ក៏បានបើកជែងរថយន្តកុងតឺន័រចំនួន២គ្រឿង ហើយដល់ផ្លូវបំបែកខាងលើនោះ ក៏បត់ឆ្វេងស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V 1799 ធ្វើដំណើរពីទិសខាងលិចទៅកើត គឺបើកចំពាក់កណ្តាលទ្រូងថ្នល់យ៉ាងលឿន បណ្តាលឲ្យបុកជាមួយរថយន្តហាយឡែនឌ័រចំហៀងខាងស្តាំរថយន្តផ្លោងហោះជនរងគ្រោះបោកទៅនឹងបែកកញ្ចក់រថយន្តផ្ទុះពោងសុវត្ថិភាពរថយន្តមើលទៅម៉ូតូគឺបះជើងឡើងទៅលើមេឃ និងខូចខាតមួយកំណាត់ខាងមុខស្ទើរដាច់ជា២ ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបង្កឲ្យមានគ្រោះថ្នាក់រួចមក ម្ចាស់រថយន្តមើលសភាពមិនស្រួល ក៏បានរត់គេចខ្លួនបាត់ស្រមោលគ្មានងាកក្រោយនោះទេ បន្សល់ទុករថយន្ត និងសាកសពនៅកណ្តាលថ្នល់យ៉ាងអាណោចអាធ័មតែប៉ុណ្តោះ។
បើតាមម្តាយជនរងគ្រោះដែលបានឲ្យដឹងថា កូនដែលបានស្លាប់នោះមានឈ្មោះ ឈឹម សុភី ភេទប្រុស អាយុ ២៨ឆ្នាំដែលមានទីលំនៅភូមិ ថ្នល់កែង សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
មូលហេតុដែលកូនគាត់ជួបគ្រោះថ្នាក់នេះ ព្រោះប្រញាប់ទៅធ្វើការនៅស្រុកចន្ទ្រា ណាមួយមានជាតិស្រវឹង ។
ក្រោយពីកើតហេតុភ្លាមនោះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនអ្នកចុះមកជួយធ្វើអន្តាគមន៍សម្រួលចរាចរណ៍ និងវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ រីឯសពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន