ព័ត៌មានទាន់ហេតុការណ៍៖

រកការងារសុច្ចរិតធ្វើមិនបាន បែកគំនិតចោរ ទៅលួចម៉ូតូអ្នកជិតខាង ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបានដេញធ្លាក់ចូលទឹកស្រះ ខណៈដែលបានលួចម៉ូតូរបស់អ្នកស្រុក យកទៅលក់ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ន ឌី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំ សំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកផ្ទះបងរបស់គេ ដើម្បីរកការងារធ្វើនៅកំពង់ឆ្នាំង ដែលកន្លែងនោះ មានអ្នកជួលផ្ទះ ដែលជាកម្មការិនី មានម៉ូតូរបស់កម្មការិនីនៅទីនោះផងដែរ ។

នៅថ្ងៃទី២៨ ខែមីនា កម្មការិនីដែលជាម្ចាស់ម៉ូតូ បានទុកម៉ូតូក្នុងបន្ទប់ជួល រួចទៅធ្វើការងារ លុះថ្ងៃត្រង់ ទើបចេញមកវិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏ប្តឹងសមត្ថកិច្ច ។
ក្នុងពេលនោះ សមត្ថកិច្ចបានដាក់កម្លាំងតាមរក លុះដល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានគេផ្តល់ព័ត៌មានថា មានមនុស្សម្នាក់បានយកម៉ូតូ១គ្រឿងម៉ាក ហុងដា សេ ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១ F-៣០២៨ លក់នៅចំណុចខាងលើ ។ ពេលសមត្ថកិច្ចទៅដល់ ឃើញម៉ូតូដែល មានភិនភាគដូចជនរងគ្រោះប្តឹង ក៏ព័ទ្ធចាប់តែម្តង ភ្លាមៗនោះ ជន សង្ស័យ បានហក់ចូលទឹកស្រះ ហើយសមត្ថកិច្ចបានប្រើរយៈពេលជិត១ម៉ោង ដើម្បីចាប់ជនសង្ស័យបាន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់កម្មការិនីពិតប្រាកដមែន ។

នៅពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

se (1) se (2) se (3) se (4) se (5)


ចែករំលែក៖