ភ្នំពេញ៖ ក្រោយពីចុះមកពីសម្តែងនៅប្រទេសអូស្ត្រាលីភ្លាម តារាសម្តែងពូកែលេងសម្តី លោក ពៅ ស៊ូរ៉ែន ហៅម៉ាដូណា បានប្រកាសផ្អាកការងារសិល្បៈមួយរយៈពេលក្រោមហេតុផលមិនមានអីថ្មីសម្រាប់ទស្សនិកជន។
លោកថា យ៉ាងហោចណាស់ ក៏ត្រូវរង់ចាំដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយដែរ ទើបចេញមុខជាថ្មី ។
មុនពេលចេញទៅអូស្ត្រាលី ម៉ាដូណា បានបង្កើតឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងក្រោយលោកបង្ហោះវីដេអូថ្លែងពីភាពឈឺចាប់បង្ហូរទឹកភ្នែក ព្រោះតែលោកយល់ថា កម្មវិធី «អប្សារAward » ដែលលោកចូលរួមប្រកួតយកពាន មិនមានភាពយុត្តិធម៌។ ទោះជាយ៉ាងណា តារារូបនេះអាចឆក់បាឱកាសចេញទៅសម្តែង នៅប្រទេសអូស្រ្តាលី។ ចុះពីលើយន្តហោះមិនទាន់បានប៉ុន្មានថ្ងៃផង លោកលើកឡើងថា នឹងផ្អាកការងារសិល្បៈមួយរយៈ។
លោក ម៉ាដូណា បានឲ្យដឹងថា លោកបានសម្រេចចិត្តផ្អាកពីការបង្ហាញមុខប៉ុន្មានខែនេះសិន បន្ទាប់ត្រឡប់មកពីការសម្តែងនៅក្រៅប្រទេស។ ការផ្អាកព្រោះតែមកពីលោកយល់ថា កន្លងមកលោកយករបៀបសម្តែងមើលទៅដដែលៗពេកដែលលោកយល់ថា មិនទំនងខ្លាចអ្នកមើលគេធុញទ្រាន់ ទើបសម្រេចចិត្តដេកនៅផ្ទះមួយអន្លើសិន ខំរិះរកអ្វីល្អៗចែកជូនបងប្អូនទស្សនិកជនសារជាថ្មីម្តងទៀត ។ តារាសម្តែងនិយមលេងភេទទី៣ ដែលធ្វើឲ្យគេសើចម្តងៗទាំងឆាកក្នុងទូរទស្សន៍ និងខាងក្រៅវេទិកាបានថ្លែងទៀតថា ការបាត់មុខមួយរយៈរបស់លោកនៅពេលនេះ ក៏អាចយល់ថាប៉ះពាល់ដល់កេរ្តីឈ្មោះសិល្បៈដែលខំសាងដែរ ប៉ុន្តែមកពីគិតថាវិធីសម្តែងរបស់លោកគឺដដែលៗពេក ទើបត្រូវចាត់វិធានការថ្មីតែម្តង ។
លោកនឹងវិលមករកការសម្តែងវិញ នូវអ្វីដែលថ្មីប្លែកខុសពីស្ទីលចាស់ៗមិនមានទៀតទេ ដែលនឹងមកសម្តែងវិញនៅចុងឆ្នាំនេះរំពឹងថា បងប្អូននឹងបានសប្បាយរីករាយចិត្តសារជាថ្មីឡើងវិញ ព្រមទាំងបន្តជួយគាំទ្ររូបលោកម្តងទៀតផងដែរ៕ វឌ្ឍនា