ភ្នំពេញ ៖ មិនទាន់បញ្ចប់នៅឡើយទេអំពី សមាជខុសលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ បើទោះបីជាមានជំនួបពិភាក្សារកដំណោះស្រាយរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាលពី រសៀលម្សិលមិញយ៉ាងណាក៏ដោយ។ ជំនួបនោះត្រូវគេពិពរណ៌នាថាមិនបាន ចម្រើនទៅមុខនោះទេ។
បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំងអស់រយៈពេល ជាងមួយម៉ោងកន្លះកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជំនួប ពិភាក្សាបានបញ្ចប់។ រីឯលទ្ធផលហាក់មិន ទាន់ត្រូវរ៉ូវគ្នានៅឡើយដោយខាងក្រសួងមហាផ្ទៃអះអាងថា សមាជរបស់គណបក្សសង្គ្រោះជាតិគឺខុសច្បាប់ពាក់ព័ន្ធការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ។ ចំណែកខាងបក្សសង្គ្រោះវិញបានលើកឡើងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខាងតំណាងក្រសួងមហាផ្ទៃបានប្រាប់មកយើងខ្ញុំថា ការធ្វើសមាជវិសាមញ្ញហ្នឹង ស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្ខិករបស់គណបក្សសង្រ្គោះជាតិក៏មិនទាស់អីទេ ទាស់តែនឹងរឿងការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្ស ហើយនិងពាក្យស្លោករបស់គណបក្ស ហើយខាងយើងខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតឱ្យច្បាស់ថា ព្រោះយើងចង់ឱ្យ ក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតមកកុំឱ្យនិយាយអវិជ្ជមាន ដោយប្រាប់ថា សមាជធ្វើត្រូវ ហើយវិសោធនកម្មលក្ខន្តិកៈធ្វើត្រូវ ប៉ុន្តែក្រសួងមហាផ្ទៃ នៅតែអត់ចេញឱ្យរឿងនេះ គេនៅតែរក្សាជំហរដដែល។ ដោយឡែកគណបក្សសង្រ្គោះជាតិ យើងនឹងជជែកនិងពិភាក្សាគ្នាអំពីរឿងនេះ នៅគណបក្ស»។
លោក ប្រាក់ សំអឿន អគ្គនាយក អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃនៅតែរក្សាគោលជំហររបស់ខ្លួន មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្គ្រោះជាតិដដែល ហើយ ស្នើឲ្យដោះស្រាយបញ្ហានេះ ព្រមទាំងស្នើឲ្យផ្លាស់ប្តូរពាក្យស្លោកនយោបាយរបស់ខ្លួន ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ អាចនឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ស្តីពីគណបក្សនយោបាយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស សង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានជួបប្រជុំគ្នា ដើម្បីដោះស្រាយអំពីបញ្ហាចោទប្រកាន់ថា សមាជគណបក្សប្រឆាំងខុសច្បាប់ ហើយក្រសួង មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី ទាំង៣នាក់របស់គណបក្សប្រឆាំង។
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជមួយ ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនបន្ទាប់ពី លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រោយសមាជនេះ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានជ្រើសតាំង លោក កឹម សុខា ជាប្រធានគណបក្សជំនួស លោក សម រង្ស៊ី ហើយជ្រើសរើសអនុប្រធាន៣រូប រួមមាន លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និង លោកស្រី មូរ សុខហួរ ។
ទោះជាយ៉ាង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងមហាផ្ទៃ ប្រកាសមិនទទួលស្គាល់សមាជជ្រើសរើសមេដឹកនាំថ្មី របស់គណបក្សសង្រ្គោះជាតិ ដោយបញ្ជាក់ថា សមាជនេះផ្ទុយនឹងលក្ខន្តិកៈប្រកាស៤៧ តម្កល់ទុកនៅក្រសួងមហាផ្ទៃ ហើយក្រសួងក៏ស្នើឱ្យ គណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញផងដែរ។
លោក អេង ឆៃអ៊ាង បានលើកឡើងក្រោយជំនួបថា «ពាក្យស្លោក ដូចដែលយើងបានបញ្ជាក់ហើយថា យើងអត់យកទៅ ដាក់ចូល នៅក្នុងគោលនយោបាយ របស់គណបក្សយើងទេ ហើយយើងក៏អត់បានទៅណែនាំឱ្យ សកម្មជន និងរចនាសម្ព័ន្ធគណបក្សប្រើប្រាស់ដែរ»។
ប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស ចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបសខ្លួន ដើម្បីជួយការងារប្រធាន គណបក្សស្តីទី រហូតដល់ចប់អាណត្តិ នាខែមេសា ឆ្នាំ២០១៨។
គិតតាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាថ្ងៃ លោក សម រង្ស៊ី លាលែងពីតំណែង រហូតដល់ខែមេសា ឆ្នាំ២០១៨ មានរយៈពេល ប្រមាណ១៤ ខែប៉ុណ្ណោះ តិចជាង ១៨ខែ ដែលត្រូវឱ្យគណបក្សសង្រ្គោះជាតិអនុវត្តតាមប្រកាខាងលើនេះតែម្តង៕ ហេង សូរិយា