ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចេញពីខេត្តពោធិ៍សាត់ មកលេងផ្ទះស្រីស្នេហ៍នៅភ្នំពេញ មិនមានពាក់ស្លាកលេខ ហើយដោយមានការង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន យកមកសាកសួរ និងធ្វើតេស្តិ៍ទៅលើទឹកនោម ស្រាប់តែរកឃើញមានផ្ទុកសារធាតុញៀន ។
ករណីនេះ ធ្វើឡើងការពីម៉ោង១៣និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ១០០៧ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសដែលឃាត់នេះឈ្មោះ អ៊ី ផាន់នឿន អាយុ ៣១ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមសំដីបុរសខាងលើ បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានបើករថយន្តមួយគ្រឿងម៉ាក CAMARY ឆ្លាមពណ៌ស្លែរ(ដោះស្លាកលេខចេញ) ចេញពីស្រុកមកលេងផ្ទះមិត្តភ័ក្ដិនៅភ្នំពេញថ្មី លុះដល់ម៉ោងខាងលើ ចេញមកទិញបាយហូបក៍ជួបសមត្ថកិច្ចហៅមកសាកសួរ ។
សមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនបុរសខាងលើ ខណៈដែលសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន បានឃើញបុរសនេះបើករថយន្ត TOYOTA CAMRY ពណ៌ស្លែ មិនមានពាក់ស្លាកលេខ និងឃើញមានស្នាមដោះចេញថ្មីៗ ដោយសង្ស័យក៍ឃាត់យកមកអធិការខណ្ឌសែនសុខ ធ្វើការសាកសួររកឯកសារពាក់ព័ន្ធ និងរថយន្តក្រែងលួចរបស់គេមក និងធ្វើតេសទៅលើទឹកនោម ស្រាប់តែរកឃើញមានផ្ទុកនូវសារធាតុញៀនមួយករណីទៀត ។
សមត្ថកិច្ចបានប្រាប់ទៀតថា ពាក់ព័ន្ធនិងរថយន្ត TOYOTA CAMRY ពណ៌ស្លែរមិនមានពាក់ស្លាកលេខក្រោយមកដល់អធិការខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវពិនិត្យទៅលើឯកសារពាក់ព័ន្ធ ឃើញថា រថយន្តនេះជារបស់ឳពុកម្តាយបុរសខាងលើ ដែលបានទិញត្រឹមត្រូវ និងមានស្លាកលេខ ភ្នំពេញ 2B-5565 ។ មូលហេតុដែលដោះស្លាកលេខនេះ ត្រូវបានគាត់បញ្ជាក់ប្រាប់ថា ដោយសាររថយន្តទើបបាញ់ថ្នាំកាងមុខក្រោយ មិនទាន់ចាប់ចូលវិញ តែកូនគាត់បែរជាយកបើក និងហួសមកភ្នំពេញ ។
ករណីនេះ សមត្ថកិច្ចបានទំនាក់ទំនងអោយឪពុកម្តាយបុរសខាងលើ យកឯកសារពាក់ព័ន្ធមកបង្ហាញ ទើបសមត្ថកិច្ចប្រគល់រថយន្តឲ្យវិញ ។ រីឯបុរសខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោយធ្វើតេស្តិ៍ទឹកនោម រកឃើញមានផ្ទុកនូវសារធាតុញៀន ៕