ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន (ទឹកប្រាក់ប្រមាណ ១៥៧ លានដុល្លារ) និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោលើផ្ទៃដីទំហំ៨៥ហិចតា។
មណ្ឌលកីឡាដែលសាងសង់រួច និងសម្ពោធដាក់អោយប្រើប្រើប្រាស់នាពេលនេះមាន អាងហែលទឹកកម្រិតអន្តរជាតិ និងសាលសម្រាប់ប្រកួតកីឡា ។ អាងហែលទឹកគឺមានចំនួន ៣ គឺអាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និងអាងលោតទឹក ។ កន្លែងអង្គុយទស្សនាហែលទឹកមានចំណុះ ៣,០០០នាក់ ។ ចំពោះអគារសម្រាប់ប្រកួតកីឡាក្នុងសាលមានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀតដូចជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះ និងប្រភេទកីឡានានាជាច្រើនទៀត ។ ដោយឡែក អគារធំដែលត្រូវបុកគ្រឹះ កសាងបន្តនោះ មានចំណុះ៥៥,០០០នាក់ និង កន្លែងបម្រុង៥,០០០កន្លែង ព្រមទាំងប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុណាមួយ។
វិស័យកីឡាត្រូវបានបំផ្លាញបាត់បង់ស្ទើរទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះប្រជាពលរដ្ឋ និងកីឡាករកីឡាការនីចំពោះការយឺតយាវក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហេ្គម (SEA GAME) ដោយសារប្រទេសយើងបានឆ្លងកាត់សង្រ្គាមជាច្រើនដំណាក់កាល ហើយក្រោយពីរំដោះប្រទេសជាតិបានពីរបបប្រល័យពូជសាសន៍ គឺយើងផ្តោតលើការខិតខំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជពិសេសស្ពាន និងផ្លូវថ្នល់។ ថ្ងៃនេះជាគឺជាថ្ងៃដែលមានសារៈសំខាន់ដែលយើងបានមានពហុកីឡដ្ឋានជាតិថ្មីទៀតមួយទៀតដើម្បីត្រៀមទុកជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។
នេះជាសិម្ធិផលជាតិថ្មីដែលកើតមាននៅក្នុងប្រទេសយើងក្រោមដំបូលសុខសន្តិភាព។ ទីនេះមិនត្រឹមតែជាកន្លែងហាត់លេងកីឡា ឬប្រកួតកីឡានោះទេ តែក៏ជាកន្លែងអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ។ នៅរសៀលនេះ សម្តេចតេជោ នឹងអញ្ជើញជួបជុំពិសារអាហាររួមគ្នាជាមួយកីឡាករកីឡាការនី ក្នុងមួយឆ្នាំម្តងៗដើម្បីលើកទឹកចិត្តនឹងគាំទ្រដល់កីឡាករយើង។
សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់កីឡាកកីឡាការនីទាំងអស់ត្រូវពង្រឹងសម្ថភាពបន្ថែមទៀត ខណៈយើងមានពហុកីឡដ្ឋានជាតិដ៏ទំនើបមួយនេះ គឺត្រូវហ្វឹកហាត់ជំនាញកីឡាគ្រប់ប្រភេទ ពិសេសកីឡាសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហេ្គម (SEA GAEMS)។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រប់សហពន្ធ័កីឡាទាំងអស់ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយ ហ្វឹកហាត់កីឡាករកីឡាការនីដើម្បីទទួលបាននូវសមត្ថភាពល្អដែលធ្វើអោយវិស័យកីឡារីកចម្រើន។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រវិស័យកីឡា និងសូមអោយលេងកីឡាទាំងអស់គ្នា យ៉ាងហោចណាស់ចេះកីឡាមួយយ៉ាងតិច ព្រោះកីឡានាំមកនូវសុខភាព កីឡានាំមកមិត្តភាព និងកីឡាមិនប្រកាន់ពូជសាសន៍ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់លោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្រ្តី លី គឺឈែង និងប្រជាជនចិន ដែលបានគាំទ្រ និងផ្តល់នូវជំនួយឥតសំណងដ៏ធំបំផុតដល់កម្ពុជាដើម្បីសាងសង់ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ដ៏ធំមួយនេះដែលបានបង្ហាញនូវមិត្តភាព និងសហប្រតិ្តបត្តិការល្អជិតស្និតរវាងកម្ពុជា-ចិនជាបងប្អូន។ ពហុកីឡដ្ឋានជាតិនេះនឹងជួយរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អក្នុងការអភិវឌ្ឍន៍លើវិស័យកីឡា និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងបានអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ ព្រមទាំងអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងពហុកីឡដ្ឋានជាតិនេះ ក្នុបរិយាកាសរីករាយក្រៃលែង៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ