ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដែលចងកសម្លាប់ខ្លួន នៅក្នុងផ្ទះចាស់បាក់បែកទុកចោលមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ។
សាកសពត្រូវបានស្គាល់អត្តសញ្ញាណ ឈ្មោះ មៀច សុខុម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានសតិមិនប្រក្រតី មានទីលំនៅ សហគមន៍៦ បុរីសន្តិភាព២ ភូមិត្រដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងមានឪពុកឈ្មោះ សុខ ចាន់ថន អាយុ៥៤ឆ្នាំ ជាមន្រ្តី រាជការ ពោះម៉ាយ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជនរងគ្រោះ ជាកូនពៅ ហើយមានសតិមិនប្រក្រតីទៀត ។
យោងតាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងប្រទះឃើញសាកសពរងគ្រោះខាងលើ គឺពួកគាត់បានដើរឃ្វាលគោ ហើយពេលល្ងាចថ្ងៃកើតហេតុ ពួកគាត់ដេញគៀងគោ ត្រឡប់ទៅផ្ទះវិញ ដោយកាត់តាមផ្ទះចាស់បាក់បែកខាងលើ រួចប្រទះឃើញ ជនរងគ្រោះចង ក ទើបស្រែកប្រាប់អ្នកភូមិនិងផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជាក់ស្តែង ។
យោងតាមការពិនិត្យមើលជាក់ស្តែងរបស់សមត្ថកិច្ចមូលដ្ឋានបានឃើញថា នៅក្បែរសាកសព មានអាវខ្មៅមួយ និងមានផ្លែញរ ស្លៀកតែខោ អត់ពាក់អាវ ដោយចងក ជាមួយ ខ្សែគោ ខ្មៅ ភ្ជាប់ទៅនឹង ប្រហោងឥដ្ឋខ្យល់ ជញ្ជាំងផ្ទះ ។
បើតាមសម្ដីស្រ្តីឈ្មោះ មៀច សារី អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះ បានអះអាងថា ប្អូនប្រុសរបស់ខ្លួន កើតជំងឺសរសៃប្រសាទ ឧស្សាហ៍ប្រកាច់ សឹងរាល់ថ្ងៃ ហើយជនរងគ្រោះ ភាគច្រើនដើរចេញពីផ្ទះ ពុំមានសាច់ញាតិណា តាមមើលថែឡើយ ដោយរវល់រៀងៗខ្លួន ហើយក៏ជាទម្លាប់របស់ជនរងគ្រោះដែរ ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ដើរចេញពីផ្ទះតាំងពីថ្ងៃមកម្ល៉េះ រហូតដល់វេលាល្ងាច ព្រលប់ទៅហើយ ទើបភ្ញាក់ផ្អើលឮថា មានសាកសព មនុស្សប្រុស ចងកសម្លាប់ខ្លួន សង្ស័យ តាមមកមើល ទើបប្រទះឃើញ ប្អូនប្រុស ទៅវិញ ។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រង់ចាំនគរបាលជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ជាមុនសិន ។
ក្រោយពេលធ្វើកោសល្យវិច័យពីនគរបាលជំនាញសន្និដ្ឋានថា ជនរងគ្រោះ ពិតជាចង កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចប្រគល់សាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ