ភ្នំពេញ៖ ទីតាំងភ្នាល់បាល់ដ៏ធំមួយកន្លែងជ្រកក្រោមស្លាក យីហោឡាក់គីកាហ្វេស្ថិតនៅតាមផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាដល់មន្ត្រីក្រោមឱវាទបង្រ្កាបជាបន្ទាន់កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីស្រាវជ្រាវដឹងថា បានបើកភ្នាល់បាល់ស៊ីសងធំៗ ។
មន្ត្រីនគរបាលរាជធានីភ្នំពេញមួយរូបដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើ មានបង្កប់ល្បែងភ្នាល់បាល់ខុសច្បាប់រួចមក នាយឧត្តមសេនីយ៍ស្នងការបានបញ្ជាទៅកម្លាំងនគរបាលរាជធានី សហការជាមួយនគរបាលមូលដ្ឋានឲ្យបើកប្រតិបត្តិការចុះបង្ក្រាបភ្លាម បន្ទាប់ពីដឹងថាទីតាំងខាងលើបានលួចប្រព្រឹត្តបទល្មើសខុសច្បាប់នេះ ជាយូរមកហើយ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនដូចជាកំព្យួរទ័រ និង ម៉ាស៊ីនគិតលេខ ៥គ្រឿង ព្រមទាំង វិក្កយបត្រកត់ភ្នាល់បាល់ និងលុយ មួយចំនួនធំ ។
ក្រោយការចុះបង្ក្រាបទីតាំងមួយនេះ មនុស្សទាំង៤នាក់ ត្រូវបានយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតរួមជាមួយភស្តុតាងដែលរឹបអូសបានមួយចំនួនផង៕ ស រស្មី