ខេត្តស្វាយរៀង៖ មានរថយន្តចំនួន៣គ្រឿង ដឹកទំនិញគេចពន្ធឆ្លងដែនពីប្រទេសវៀតណាម ចូលមកខេត្តស្វាយរៀង តាមច្រករបៀងផ្លូវតាណេង ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោ១០និង១៥នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ហើយបានប្តូរស្លាកលេខ វៀតណាមដាក់ស្លាកលេខ ខ្មែរវិញដើម្បីបន្លំភ្នែកសមត្ថកិច្ច ក្នុងការប្រព្រឹត្តបទល្មើស ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តរបស់វៀតណាម៣គ្រឿងដឹកទំនិញគេចពន្ធ គឺ០២គ្រឿងបានដោះប្តូរស្លាកលេខ ពេលឆ្លងព្រំដែនប្រទេសវៀតណាម ចូលមកដល់ក្នុងទឹកដីខ្មែរក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមជនជាតិវៀតណាមម្នាក់ ក្នុងចំណោមម្ចាស់រថយន្តទាំង៣គ្រឿងបានប្រាប់ឲ្យដឹងថា ពួកគេជាជនជាតិវៀតណាម រកស៊ីដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមទៅ រាជធានីភ្នំពេញយូរឆ្នាំមកហើយ គឺពួកគេបានប្រើកាតគ្រីរថយន្តពីរគឺ៖ នៅប្រទេសវៀតណាម គឺចាប់ស្លាកលេខវៀតណាម ហើយបានដឹកទំនិញគេចពន្ធតិចតួច គឺ ចានស្រាក់ ឆ្នាំង ម៉ូទ័របូមទឹក គ្រឿងជរ័ គ្រាន់បានប្រាក់បង់ថ្លៃបាយឲ្យសមត្ថកិច្ចតាមផ្លូវ ពេលមកដល់ស្រុកខ្មែរ ពួកគេចាប់ស្លាកលេខ ខ្មែរ បានន័យថា គឺមានស្លាកលេខ២ប្រទេស ហើយបានបង់ពន្ធខាងវៀតណាម និងបង់ពន្ធខាងកម្ពុជា ពន្ធឆ្នាំ ពន្ធផ្លូវ ហើយពួកគេក៏មានផ្ទះនៅភ្នំពេញដែរ ពួកគេរកស៊ីដឹកអេតចាយ ពីភ្នំពេញទៅលក់នៅប្រទេសវៀតណាម។
ទាក់ទិនការប្រើប្រាស់ស្លាកលេខរថយន្តរបស់ជនជាតិវៀតណាមនេះដែរ លោកសំ សាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថា លោកក៏ពុំបានដឹងស៊ីជម្រៅដែរ ក្នុងរឿងនេះ ដោយសារអ្នកចេញស្លាកលេខបណ្ណ័បញ្ជាក់យានយន្ត(ហៅកាតគ្រី)គឺនៅរាជធានីភ្នំពេញ ក៏ប៉ុន្តែបើតាមគតិយុត្តិ និងបច្ចេកទេស គឺយានយន្ត(រថយន្ត)១គ្រឿង មិនអាចចុះបញ្ជីធ្វើស្លាកលេខ២ប្រទេសបានទេ គោលការណ៍អាស៊ាន លេខវៀតណាម ក៏អាចសុំ លិខិតឆ្លងដែនធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជាបានដែរ ដោយមានការបញ្ជាក់ពីច្រកទ្វារអន្តរជាតិ និងមន្រ្តីគយនិងរដ្ឋាករ មិនចាំបាច់ធ្វើស្លាកលេខវៀតណាមផង ស្លាកលេខកម្ពុជាផង នោះទេ ការធ្វើស្លាកលេខ កាតគ្រីត្រូវបង់ពន្ធនាំចូលមានបិតវិញ៉ែតគយ ហើយអាចធ្វើចរាចរណ៍បានត្រូវមានឈៀកអាជីវកម្ម បង់ពន្ធផ្លូវ ៕ យឹម សុថាន