ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបុកម៉ូតូនៅលើផ្លូវជាតិលេខ២បណ្តាលមនុស្ស៦នាក់ ស្លាប់ និងរងរបួស

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកបោះពួយបុកម៉ូតូជិះច្រាស់ទិសគ្នាពេញមួយទំហឹង លាន់ឮដូចរន្ទះ បណ្តាលឲ្យជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹក ធ្វើឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម រីឯមនុស្ស៥នាក់ទៀត ក្នុងនោះ ជិះក្នងរថយន្ត៤នាក់ និងរួមដំណើរជាមួយម៉ូតូម្នាក់រងរបួសធ្ងន់ស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាវេលាម៉ោង១៤ និង២៥នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ជួង សំអុល ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងស្ត្រីជាប្រពន្ធដែលរួមដំនើរជាមួយនោះឈ្មោះ វា រុន ភេទស្រី អាយុ៥២ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែករថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-3258 បើកបរមិនស្គាល់អត្ដសញ្ញាណ ។ ក្នុងរថយន្តនេះមានអ្នករួមដំណើរជាមួយ៥នាក់ ទី១-ឈ្មោះ ស៊ូ សាវ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះ គង់ សុភាព ភេទស្រី អាយុ២៩ឆ្នាំ (របួសស្រាល) ទី៣-ឈ្មោះ ស៊ូ សុភាពរក្សា ភេទស្រី អាយុ១២ឆ្នាំ (របួសស្រាល) ទី៤-ឈ្មោះស៊ូ សារឹទ្ធ ភេទប្រុស អាយុ១ឆ្នាំ (របួសស្រាល) ជនរងគ្រោះទាំង៤នាក់មានទីលំនៅផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដម៉ាកហាយឡែនឌ័របើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញឆ្ពោះទៅខេត្ដតាកែវ)ដោយល្បឿនលឿន ។ លុះបើកដល់ចំណុចកើតហេតុរថយន្ដបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូដួលបោកទៅលើផ្លូវយ៉ាងដំណំធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនិងស្រ្ដីជាប្រពន្ធរងរបួសធ្ងន់ ។ ដោយឡែករថយន្ដហាយឡែនឌ័រ បន្ទាប់ពីបុកម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសរួចមកបានជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកក្បែរចិញ្ចើមផ្លូវផងដែរ តែទោះបីជាយ៉ាងណាអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីអ្នករងរបួសត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

sw sw (1) sw (2) sw (3) sw (4)

 


ចែករំលែក៖