ព័ត៌មានទាន់ហេតុការណ៍៖

បាត់ទូរស័ព្ទ អិនចុចពិល ប្រទះឃើញនៅនារីម្នាក់ឃាត់ខ្លួនឲ្យសមត្ថកិច្ចទើបដឹងរឿង

ចែករំលែក៖

ភ្នំពេញ៖ បាត់ទូរស័ព្ទ អិនចុចពិល ស្រាប់តែប្រទះឃើញនៅនារីវ័យក្មេងម្នាក់ ហើយក៏ឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ច សាកសួរទើបដឹងថា នារីវ័យក្មេងហ្នឹងមិនមែនជាអ្នកលួចទេ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខវត្តគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីវ័យក្មេងដែលត្រូវម្ចាស់ទូរស័ព្ទឃាត់ខ្លួនខាងលើមានឈ្មោះ សេក ចន្ថន អាយុ ២០ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានមុខបម្រើផ្លូវភេទ ស្នាក់នៅតាមទីសាធារណៈ មិនពិតប្រាកដ មានស្រុកកំណើត ភូមិត្រពាំងធ្នង់ ឃុំខ្នាធ្នង់ ស្រុករំដួល ស្វាយរៀង ។ ចំណែក ម្ចាស់ទូរស័ព្ទ មានឈ្មោះ ផាន វិជ្ជរ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ លូ ហ្វាយ ជនជាតិវៀតណាម អាយុ ៦០ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមការរៀបរាប់ពីនារីវ័យក្មេងដែលត្រូវឃាត់ខ្លួនខាងលើបានឲ្យដឹងថា បន្ទាប់ពីប្រុសព្រានម្នាក់នាំនាងទៅដេកកាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ រួចហើយបុរសនោះគេចខ្លួនបាត់ ដោយមិនបានឲ្យលុយខ្លួនទេ ហើយបានបន្សល់ទុកទូរស័ព្ទចុចពិលកញ្ចាស់មួយគ្រឿងបិទចោលទុក នៅលើក្បាលដំណេក លុះព្រឹកឡើងរូបនាងបានយកទូរស័ព្ទនោះបើក ក៏មានបុរសម្នាក់ផ្សេងខលចូល ថា ទូរស័ព្ទហ្នឹងជារបស់គាត់ យកទូរស័ព្ទហ្នឹងឲ្យគាត់វិញ តាមរយៈនិយាយទូរស័ព្ទនាង ក៏បានទារលុយ៥០ដុល្លារជាថ្នូរដែលនៅជាមួយនាងយប់មិញ ដោយមិនដឹងថា ប៉ះចំទូរស័ព្ទពាក់ព័ន្ធបទល្មើសទៀត ដែលចោរលួចពីកន្លែងផ្សេង ទីបំផុតត្រូវធ្លាក់មកលើនាងហើយត្រូវបានម្ចាស់ឃាត់ខ្លួនទាំងទូរស័ព្ទតែម្តង។

បើតាមស្រ្តីម្ចាស់ទូរស័ព្ទបានឲ្យដឹងថា ផ្ទះគាត់កាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ មានជនសង្ស័យ ចូលធ្វើសកម្មភាព ឆ្កឹះបើកសោទ្វាររថយន្ត កូរ៉េរបស់គាត់ លួចយកអាគុយ និងទូរស័ព្ទ អិនចុចពិលកញ្ចាស់មួយខាងលើនៅក្នុងរថយន្តយកទៅបាត់ លុះរហូតមកដល់ព្រឹកថ្ងៃទី៤ ខែមេសា ស្រាប់តែទូរស័ព្ទរបស់គាត់ ដែលជនសង្ស័យលួចទៅបាត់នោះខលចូលហើយមានមនុស្សស្រី និយាយ ប៉ប៉ាច់ប៉ប៉ោច សុំលុយ សុំនេះ សុំនោះ រហូតដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល សុំណាត់ជួប សន្យាឲ្យលុយជាថ្នូរ ជួបមុខ ៥០ដុល្លារ ទើបលេចមុខនារីខាងលើ កាន់ទូរស័ព្ទមកជួបតាមការណាត់ ក៏នាំខ្លួនទៅប៉ុស្តិ៍ប៉ូលិសតែម្តង ។

ក្រោយពីដឹងហេតុ និងផល ម្ចាស់ទូរស័ព្ទមិនបានដាក់ពាក្យបណ្តឹងទេ ហើយបានយកទូរស័ព្ទត្រឡប់ទៅវិញ ចំណែកនារីខាងលើ ត្រូវបាននគរបាលអប់រំហើយអនុញាតឲ្យវិលត្រឡប់ទៅវិញ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖