ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើង ទើបតែបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចូលក្នុងដែលសមុទ្រប្រទេសជប៉ុន ។ ការសាកល្បងនោះកើតឡើង មុនមួយថ្ងៃដែល មានជំនួបពិភាក្សារវាងអាមេរិក នឹងចិន ស្តីពីបញ្ហាកូរ៉េខាងជើង។
មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងជើងបានបាញ់មីស៊ីល មួយគ្រាប់ចូលទៅកាន់តំបន់សមុទ្រភាគខាងត្បូង ដែលកូរ៉េខាងត្បូងហៅថា សមុទ្រជប៉ុន ដោយបាញ់ចេញពីទីតាំង នៅតំបន់ Sinpo ខេត្ត Hamgyong នៅវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី៥ ខែមេសា »។
មេបញ្ជាការកងទ័ពប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកបានឲ្យដឹងថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះជាប្រភេទ KN-15 ឬហៅថា មីស៊ីល Pukguksong-2 ។ មីស៊ីលនោះបានបាញ់ចេញពីទីតាំងនៅលើដី ។
ទីបញ្ជាការកងទ័ពកូរ៉េខាងត្បូង JCS បានឲ្យដឹងថា ការបាញ់មីស៊ីលខាងលើធ្វើឡើង នៅទីក្រុងកំពុងផែ ភាគខាងកើតកូរ៉េខាងជើង ហើយកាំជ្រួចមីស៊ីលនោះហោះបានប្រមានណ៦០គីឡូម៉ែត្រ ក៏ធ្លាក់ចូលសមុទ្រតែម្តង ។
ការសាកល្បងមីស៊ីលខាងលើ កើតឡើងមុនមួយថ្ងៃដែល មេដឹកនាំអាមេរិក ចិន លោកដូណាល់ ត្រាំ និងលោកស៊ី ជីងពីន ជួបពិភាក្សាគ្នា លើបញ្ហាវិបត្តិនៅកូរ៉េខាងជើង ក្នុងនោះមានកម្មវិធីអាវុធបរមាណូរបស់ទីក្រុងព្យុងយ៉ាង។
ក្រុមអ្នកឯកទេសស្តីពីកូរ៉េខាងជើង បានលើកឡើងថា នៅក្នុងខែមេសានេះកូរ៉េខាងជើង អាច សាកល្បង អាវុធ មួយចំនួនទៀត ក្នុងនោះមានទាំងគ្រាប់បែកបរមាណូទៀតផង ដោយសារតែនៅក្នុងខែនេះមានព្រិត្តិការធំៗ ដែលនឹងកើតឡើងនៅក្នុងប្រទេសនេះ ក្នុងនោះមានទាំង ខួបកំណើត អតីតមេដឹកនាំ គីម អ៊ីលស៊ុង ផងដែរ ៕ ម៉ែវ សាធី